ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះម៉ូតូម៉ាក អុិចសុិនទ័របុកវ៉េវអាល់ហ្វាស្របទិសគ្នារបួស ៤នាក់នៅឃុំតាលោ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ៤នាក់បានរងរបួសស្រាលធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹក ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលតាលោបានឲ្យដឹងថា មុនដំបូងគេឃើញឈ្មោះ កើត ចក់ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ រួមដំណើរដោយកូនស្រីឈ្មោះ កើត ស្រីមុំ អាយុ ១៨ឆ្នាំ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A 3596 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានបត់ចូលផ្ទះ គ្រានោះស្រាប់តែមានយុវជន ២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿង មកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងខាងរដូករណែលតែម្ដង ។

ប្រភពព័ត៌មានបន្តថា យុវជនទាំងពីនាក់ទី១ ឈ្មោះ ហេង ថៃលី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ និងទី២រួមដំណើរឈ្មោះ ម៉ន រដ្ឋា អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ២នាក់រស់នៅភូមិ.ឃុំតាលោ ម៉ូតូម៉ាក អុិចសុិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ជនរងរបួសទាំងចំនួន ៤នាក់បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាលោ ២នាក់ ទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ២នាក់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖