ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ឫស្សីកែវចូលរួមបង្ការ ទប់ស្កាត់បទល្មើស បញ្ហា សន្ដិសុខសណ្តាប់ធ្នាប់ និងជនអន្តោប្រវេសន៍ រស់នៅតាមដងទន្លេសាប

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពិសេស អាជ្ញាធរខណ្ឌឫស្សីកែវ ត្រូវបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការរៀបចំសន្ដិសុខសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេសន៍ដែលរស់នៅតាមដងទន្លេសាប រួមនិងចូលរួមថែរក្សាបរិស្ថានតាមដងទន្លេសាបឲ្យបានល្អប្រសើរផង ។

លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈលោកចូលរួមផ្សព្វផ្សាយ ពង្រឹងវិន័យការងារ និងសំណេៈសំណាលជាមួយមន្ត្រីរាជការថ្នាក់ខណ្ឌ និងសង្កាត់ នៅសាលាខណ្ឌឫស្សីកែវ កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានអនុញ្ញាតឲ្យមន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវលើក ឡើងពីកង្វល់ និងបញ្ហាប្រឈមខ្វះ ចន្លោះដើម្បីរិះរកវិធីបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាងមុន ហើយក្នុងឱកាសនោះ លោក លោកស្រីជាចៅសង្កាត់ ចៅសង្កាត់រងក៏បានលើឡើងពីបញ្ហាកង្វល់មួយចំនួនផងដែរ ដើម្បីឲ្យអាជ្ញាធររាជធានី ជួយសម្រួល ដោយមានទាំងបញ្ហា ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បញ្ហា សំរាម ការកសាងស្នាក់ការប៉ុស្តី៍, សង្កាត់ទើបបង្កើតថ្មី បញ្ហាក្មេងបងតូចបងធំ , ការប្រើប្រាស់គ្រឿងញៀន, ចោលួច ចោឆក់, ចោប្លន់, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, ញ្ហាបរិស្ថាន ជាដើម ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ខណ្ឌឫស្សីកែវ នៅពេលនេះ គឺដើម្បីសួរសុខទុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យរឹងរិតតែល្អប្រសើរឡើងថែមទៀត។

លោកឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌឫស្សីកែវ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។ ប៉ុន្តែទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌឫស្សីកែវក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅភ្នំពេញមានកន្លែងសប្បាយភាព២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌឫស្សីកែវ ក៏មានក្លឹបកំសាន្ត កន្លែងសប្បាយភាពច្រើនដែរ ដែលអាជ្ញាធរ ត្រូវណែនាំឲ្យម្ចាស់ក្លឹបកំសាន្តទាំងអស់នោះ បំពេញ បែប បទច្បាប់ឲ្យបានត្រឹមត្រូវ ។ ពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន បើទីតាំងណាមានបទល្មើសគ្រឿងញៀន ទីតាំងនោះត្រូវតែបិទចោល ហើយម្ចាស់ទីតាំងក៏ត្រូវប្រឈមនឹងការមានទោសទណ្ឌថែមទៀត។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យមានការបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះសន្តិសុខនេះជាតម្រូវការចាំបាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមផែនការចំនួន១៣ចំណុចបន្ថែម ដើម្បីឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ អនុវត្តបន្ត ក្នុងនោះ មានទាំងមិនអនុញ្ញាតិឲ្យផ្លូវជាតិលេខ៥ចតយានយន្តនៅលើទ្រូវផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់និងធ្វើឲ្យកកស្ទះចារចារ។ ការរិតបណ្តឹងច្បាប់ចរាចរណ៍ ដោយត្រូវកោះហៅអ្នកពាក់ព័ន្ធមកប្រជុំ ដើម្បីមានវិធានការលើបញ្ហានេះ ។ យកចិត្តទុកដាក់លើបញ្ហា លូស្ទះ និងបញ្ហាកកស្ទះសំរាម។

លោកបញ្ជាក់ថា៖ ដាច់ខែនេះយើងនឹងបើកយុទ្ធនាការជួសជុលផ្លូវខូចខាតហើយ ដែលដាច់ខាតអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះមើលហើយ ក្នុងមូលដ្ឋានរបស់យើងមានផ្លូវប៉ុន្មានខូច និងខូចមានទំហំណា ។ ក្រៅណីនេះក៏ ត្រូវចុះពិនិត្យមើលចំពោះការសាងសង់រោងបុណ្យរោងការនៅលើទ្រូងផ្លូវ គឺអាចឲ្យធ្វើតែលើចិញ្ចើមផ្លូវ និងលើទ្រូវផ្លូវតែមួយប្រឡោះបានហើយ មិនឲ្យបិទផ្លូវជាដាច់ខាត ដែលការងារនេះអាជ្ញាធរខណ្ឌសង្កាត់ត្រូវធ្វើការណែនាំ។ បញ្ហានេះវាមានហានិភ័យច្រើន ក្រៅពីធ្វើឲ្យកកស្ទះចរាចរណ៍គេជេរ ហើយនៅ វាក៏នឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ បើអ្នកបើកបរខ្វះការប្រុងប្រយ័ត្នតែបន្តិច។ ការងារពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែធ្វើ ទោះជាក្នុងបុរីក៏ដោយនិងត្រូវបន្លាសគោលដៅជានិច្ចកុំនៅមួយកន្លែង។

លោកបន្តថា៖ បញ្ហាអន្តោប្រវេសន៍នៅតាមដងទន្លេសាប ពិសេស ការចិញ្ចឹមត្រីដែលធ្វើឲ្យខូចបរិស្ថាន និងបានធ្វើឲ្យខូចខាតដល់វិស័យទេសចរណ៍នោះ យើងត្រូវសហការ ជាមួយសមាគមន៍ជនជាតិវៀតណាម ឥស្លាមជាដើម ដើម្បីរិតបណ្តឹងច្បាប់អន្តោប្រវេសន៍ ថាតើពួកគាត់មានច្បាប់រស់នៅនិងរកស៊ីនៅស្រុកខ្មែរត្រឹមត្រូវឬទេ ។ យើងត្រូវរួមគ្នាធ្វើការងារនេះទាំងអស់គ្នាដើម្បីបម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ៕ សំរិត


ចែករំលែក៖