ខេត្តស្វាយរៀង៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយ អគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាធរដែនដី បាន ចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន ៥ដេប៉ូ និងស្ថានីយក្នុង ខេត្តស្វាយរៀង បានរកឃើញ ស្ថានីយប្រេងឥន្ទនៈ២កន្លែង លក់មិនគ្រប់លីត្រ ខុសស្តង់ដារ និងគ្មានគុណភាព ចំណែក៣កន្លែងទៀតគ្រប់លីត្រ និងបរិមាណល្អកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅក្រុងស្វាយរៀង។
លោកផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា ក្រោយពីបានប្រើប្រាស់រថយន្ត មន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល មកពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយប្រេងក្នុងខេត្ត ចំនួន៥កន្លែង រកឃើញថា ខ្លះត្រឹមត្រូវ ឯខ្លះទៀតពុំទាន់បានត្រឹមត្រូវទៅតាមស្តង់ដារទេ(៣ស្ថានីយត្រឹមត្រូវ ឯ២ស្ថានីយមិនត្រឹមត្រូវ)។
លោកបានបន្តទៀតថា ក្រុមការងារមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើយ៉ាងណាឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដារ។ ចំពោះដេប៉ូ និងស្ថានីយមួយចំនួនដែលខុសប្រក្រតីនោះ ខាងមន្ត្រីក្រុមការងារបានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យពួកគាត់កែប្រែបរិមាណគុណភាពវិញ។
លោកបញ្ជាក់ថា ពេលនេះយើងនៅមិនទាន់បានបង្ហាញ ទីតាំងដេប៉ូ និងស្ថានីយដែលលក់មិនគ្រប់លីត្រ និងគ្មានគុណភាពនោះទេ គឺទុកឱកាសឲ្យម្ចាស់ទាំងនោះកែខ្លួន រៀបចំឲ្យមានភាពត្រឹមត្រូវតាមលក្ខណ: បច្ចេកទេសស្តង់ដារឡើងវិញ។ តែបើសិនជាមានការលក់មិនគ្រប់លីត្រ លើកទី២ និងករណីរកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈមមុខ និងបិទដេប៉ូ ឬស្ថានីយ នឹងដកអាជ្ញាប័ណ្ណទៅតាមនិតិវិធី។
មន្ត្រីជំនាញ បានបង្ហើបឲ្យដឹងថា ការលក់មិនគ្រប់លីត្រពីតាមបណ្តាស្ថានីយឬដេប៉ូ មានហេតុផលពីរ ទី១-អាចថៅកែប្រេង លួចរង្វាល់លីត្រពីកុងទ័រតែម្តង។ ទី២-អាចបុគ្គលិកលក់ប្រចាំការ បំភណ្ឌភ្នែកលើកុងទ័រតែម្តង។
ឯចំណុចដែលថា គ្មានគុណភាព គឺគេអាចយកប្រេងទាំងនោះ ទៅលាយជាមួយសារធាតុផ្សេងៗ ដូចជា ប្រេងសាំងលាយប្រេងកាត និងប្រេងសាំងលាយ ជីអុយរ៉េ ជាដើម ៕ យឹម សុថាន