ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបើកបុកគ្នា ម៉ោងរំលងអធ្រាត្រ ម្ចាស់រថយន្តតូច រត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រថយន្តចំនួន២គ្រឿង ១គ្រឿងធុនធំ និង១គ្រឿងទៀតធុនតូច បានបង្កគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោងរំលងអធ្រាត្រ បណ្តាលឲ្យអ្នកបើកបររថយន្តធុនធំម្នាក់ បោកក្បាលនឹងកញ្ចក់មុខ រងរបួសស្រាល ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន។

សមត្ថកិច្ចថា រថយន្តទី១ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D-3195 អ្នកបើកបរឈ្មោះ សេង សុភី ភេទប្រុស ។ រថយន្តទី២ ម៉ាកRAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-3324 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មានពីអ្នកបើកបររថយន្តធុនធំ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ មានរថយន្ត១គ្រឿងទៀត បើកតាមបណ្តោយផ្លូវជាតិលេខ៤ដែរ ទិសដៅពីកើតទៅលិច ដោយល្បឿនលឿន បានរេចង្កូតជ្រុលមកខាងឆ្វេងដៃ បុករថយន្តរបស់គាត់ បណ្តាលឲ្យគាត់រងរបួសស្រាល ដោយបោកក្បាលនឹងកញ្ចក់មុខ ចំណែករថយន្តខូចខាតតិចតួច ។

ប្រភពដដែលបន្តថា ចំណែកមនុស្សដែលជិះក្នុងរថយន្ត RAV4 មិនដឹងចំនួនប៉ុន្មាននាក់ទេ ព្រោះក្រោយរថយន្តទាំង២បុកគ្នាហើយ និងដោយយប់ងងឹតផង ពួកគេបានរត់គេចខ្លួន ទុករថយន្តចោលនៅកន្លែងកើតហេតុ ដោយរថយន្តនៅ ខូចខាតកម្រិតធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរ បានចុះអន្តរាគមន៍ ជួយសម្រួលចរាចរណ៍ រួចប្រគល់រថយន្តទាំង២គ្រឿង ជូនការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ។

ប៉ូលិសចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីភាគីរថយន្តធុនតូច សំអាងយប់ស្ងាត់មិនសូវមានយានយន្តចរាចរណ៍ចង្អៀត ក៏បើកល្បឿនលឿនហួសការកំណត់ដោយ ច្បាប់ ។ លុះដល់មានរថយន្តផ្សេង បើកមកពីមុខ សង្ស័យចាំងភ្លើងហ្វា ក៏ជ្រុលចង្កូតបុកគ្នាតែម្តង ៕ សេនាស័ក្តិ


ចែករំលែក៖