សប្បាយក្លាយជាទុក្ខ! ពលរដ្ឋឥណ្ឌា រាប់ពាន់នាក់ចូលរួមពិធីបុណ្យសាសនា ហិណ្ឌូបានក្លាយទៅជាសោកនាដកម្ម ក្រោយពេលរថភ្លើងដឹកអ្នកដំណើរបុកទៅលើសាសនិកដែលចូលរួមនៅក្នុងពិធី បុណ្យ ដោយបានសម្លាប់មនុស្ស៦០នាក់ និងរបួសជាង២០០នាក់។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មាន BBC បានដកស្រង់សម្តីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍ គ្រោះថ្នាក់ខាងលើកើតឡើងនៅតំបន់ Amritsar រដ្ឋ Punjab ភាគខាងជើងប្រទេស ឥណ្ឌា ជាប់ព្រំដែនប៉ាគីស្ថាន។ ជនរង គ្រោះដេកពេញទីលាន ហើយមន្ត្រីក្នុង តំបន់បានបញ្ជាក់ថានឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត។
ជនរងគ្រោះគឺជាពលរដ្ឋនៅក្នុងតំបន់ឈរនៅផ្លូវរថភ្លើងពេលចូលរួមពិធីបុណ្យ Dusshera នៃសាសនាហិណ្ឌូ។ ពលរដ្ឋមិន ឮសូរសំឡេងងរថភ្លើងឡើយ ពេលកំពុងតែជក់ចិត្តមើលការបាញ់កាំជ្រួចផ្កាភ្លើង និងដុតរូបសិប្បនិមិត្ត។ ក្នុងចំណោមជន រងគ្រោះមានទាំងកុមារផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា គណៈ កម្មការរៀបចំពិធីបុណ្យបានស្នើដល់ពល រដ្ឋ កុំទៅតំបន់ផ្លូវដែកពេលបាញ់កាំជ្រួច។ ពេលនេះដែរមានព័ត៌មានបានផ្សាយថា ពលរដ្ឋរត់ទៅផ្លូវដែកដោយសារតែខ្លាចរូបសិប្បនិមិត្តដែលដុតនោះបាក់ស្រុតគ្រប់ ពេលវេលា។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពលរដ្ឋទៅតំបន់ផ្លូវដែក គឺដើម្បីថតរូប វីដេអូសកម្មភាពបាញ់កាំជ្រួចដោយមិនដឹងថា រថភ្លើងកំពុងតែមកដល់ ក្នុងល្បឿនលឿននោះទេ។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា សំឡេង ផ្ទុះនៃកាំជ្រួច និងសំឡេងអ៊ូអរនៃហ្វូង មនុស្ស ធ្វើឲ្យជនរងគ្រោះស្តាប់មិនឮសំឡេងរថភ្លើងឡើយ។ រថភ្លើងខាងលើធ្វើ ដំណើរពី Jalandhar ទៅកាន់ Amritsar។
អភិបាលរដ្ឋ Punjab លោក Amarinder Singh បានឲ្យដឹងថា នេះជាសោកនាដកម្ម ហើយលោកនឹងបញ្ជាដល់មន្ត្រីជួយដល់ជន រងគ្រោះឲ្យបានល្អបំផុត និងបើកការស្រាវជ្រាវពីហេតុការណ៍ខាងលើ៕ ម៉ែវ សាធី