ប្រទេសទួរគី៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋទួរគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ ជាមួយ លោក ប៊ីណាលី យីដីរីម (Binali Yıldırım) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីទួរគី។
នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-ទួរគី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានរដ្ឋសភាទួរគី បានអញ្ជើញជួបពិភាក្សាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនឹងការរិតចំ ណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ទួរគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋទួរគីឲ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលបីឆ្នាំ២០១៣កន្លងទៅ។
ក្នុងជំនួបទល់មុខគ្នានោះដែរ សម្តេចតេជោ និងលោកប្រធានសភាទួរគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះ រួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីទួរគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានសភាទួរគី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ លោកប្រធានសភាដែរថា សម្តេចតែងតែចង់មកកាន់ ប្រទេសទួរគីនេះជាយូរមកហើយ ព្រោះថាទួរគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារ នៅសាធារណរដ្ឋ ទួរគី។
ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានសភាទួរគី បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីគ្រប់កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែមានកម្រិតខ្ពស់ថែមទៀត។ បន្ទាប់ពីបានចំណាយពេលនៃជំនួបពិភាក្សាទល់មុខគ្នារួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានសភាទួរគី បានអញ្ជើញលំហែកាយក្នុងបរិវេណ នៃវិមានរដ្ឋាភិបាលក្នុងទីក្រុងអីស្តានប៊ុល ពិសេសការស្រូបយកខ្យល់អាកាសបរិសុទ្ធ មាត់ សមុទ្រមុននិងពិធីទទួលទានអាហារការងារពេលថ្ងៃ។
លោកប្រធានរដ្ឋសភាទួរគី បានមានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសយកប្រទេសទួរគីសម្រាប់ដំណើរបំពេញទស្សនកិច្ចការងារជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។ លោកប្រធានសភាបានឯកភាពទៅនឹងទស្សនៈលើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនខ្ពង់ខ្ពស់ ថែមទៀត៕