គ្រោះថ្នាក់រថភ្លើងជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង៣ទសវត្សកន្លងមក ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ផ្លូវដែកដ៏រន្ធត់បំផុតកើតឡើងនៅកោះតៃវ៉ាន់កាលពីយប់ថ្ងៃទី២១ ខែតុលា បណ្តាលឲ្យមនុស្សស្លាប់ និងរបួស១៩៣នាក់។
ព័ត៌មានចុងក្រោយបំផុត មានអ្នកសា្លប់២២នាក់ និងរបួស១៧៥នាក់ ក្រោយពេលរថភ្លើងដឹកអ្នកដំណើរធ្លាក់កង់ចេញពីផ្លូវដែកកាលពីថ្ងៃទី២១ ខែតុលា។ នេះជាគ្រោះថ្នាក់ផ្លូវដែកទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រយៈពេលជាង៣០ឆ្នាំកន្លងមក។
ទូរថភ្លើង៤ទូបានក្រឡាប់ផ្ញារជើង និង៨ទូទៀតធ្លាក់ចេញពីផ្លូវដែក ពេលរថភ្លើងបើកជិតដល់ស្ថានីយក្នុងស្រុកYilan។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុពិតបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើនោះឡើយ។ នៅម៉ោង៩ និង៣០នាទីយប់ អ្នកដំណើរ៣៦៦នាក់ ទាំងអ្នកសា្លប់ និងរបួសត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ផងដែរ។
លោក Henry Tseng អាយុ៣០ឆ្នាំ ជាអ្នកដំណើររងរបួសម្នាក់បាននិយាយទៅកាន់សារព័ត៌មាន រ៉យទ័រថា «រថភ្លើងបានបើកបរក្នុងល្បឿនលឿន ខ្ញុំគិតថា ហេតុអីបានជាមិនបើកយឺតពេលដល់ផ្លូវគោង»។ លោកបន្តទៀតថា «ខ្ញុំគិតថា រថភ្លើងបានបុកទៅនឹងជញ្ជាំងមុនពេលក្រឡាប់។ មនុស្ស ៥-៦នាក់បានខ្ទាតចេញតាមទ្វារថភ្លើង … អ្នកដំណើរប្រជែងគ្នាចេញពីរថភ្លើង»។
សាក្សីនៅក្បែកន្លែងកើតហេតុ ឈ្មោះ Chang Yilong អាយុ៦២ឆ្នាំ បាននិយាយទៅកាន់សារព័ត៌មាន AFP ថាបានឮស៊ូស្នូផ្ទុះខ្លាំង ពេលមានគ្រោះថ្នាក់កើតឡើង លោកក៏បានធ្វើដំណើរទៅកាន់ទីនោះ ក៏ឃើញពលរដ្ឋនៅក្នុងតំបន់រត់ទៅជួយអ្នកដំណើរចេញពីគំនរបាក់បែក និងទូរថភ្លើង។
ក្រុមជួយសង្គ្រោះរាប់រយនាក់ បានធ្វើការយ៉ាងសកម្មដើម្បីជួយដល់ជនរងគ្រោះជាប់នៅខាងក្នុងទូរថភ្លើងដែលជួបគ្រោះថ្នាក់។ កម្លាំងសង្គ្រោះបានប្រើប្រាស់រថយន្តស្ទូចដើម្បីលើកទូរថភ្លើងក្រឡាប់។
សារព័ត៌មានតៃវ៉ាន់បានផ្សាយថា គ្រោះថ្នាក់ខាងលើគឺជាសោកនាដកម្មទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន បន្ទាប់ពីគ្រោះថ្នាក់កាលពីឆ្នាំ១៩៨១ សម្លាប់អ្នកដំណើរ៣០នាក់ និងរបួសរាប់រយនាក់។
ប្រធានាធិបតីកោះតៃវ៉ានបានបញ្ជាឲ្យអ្នកសង្គ្រោះខិតខំដើម្បីជួយដល់អ្នករងរបួសឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាឲ្យបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើងផងដែរ៕ ម៉ែវ សាធី