ខេត្តកណ្ដាល៖ យុវជនម្នាក់បើកម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្ន បានបុកគូថរថយន្ដកុងតឺន័រឈប់លើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូទទួលរងរបួសធ្ងន់ នៅវេលាម៉ោង២១ និង៥០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចហាងសាន់ធ្វើស្លាកយីហោ និងស្លាកប៉ាណូ លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ហេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បើកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1S-6135 ។ ចំណែករថយន្ដម៉ាក HYUNDAI ប្រភេទរថយន្ដកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2249 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើបើកក្នុងបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ឈប់លើចិញ្ចើមផ្លូវ ខណៈស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយឈ្មោះ ហេង ភេទប្រុស បើកក្នុងទិសដៅពីលិចទៅកើត (ស្របទិសគ្នា)ដោយល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុកគូថរថយន្ដពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនជនរងគ្រោះ និងម៉ូតូចូលទៅក្រោមរថយន្ដទទួលរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសង្រ្គោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបាននគរបាលចរាចរណ៍ក្រុង ចុះវាស់វែង និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបានជាបុកគូថរថយន្ដយ៉ាងដូច្នេះ ៕ ស្អាងជ័យ