ខេត្តក្រចេះ ៖ បុរសម្នាក់ ដែលត្រូវមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន មកសាកសួរ បន្ទាប់បានរកឃើញថា ជាអ្នកផលិតស្រាស និងបង្កឲ្យអ្នកផឹកចំនួន៦នាក់ពុលស្លាប់បន្តបន្ទាប់ និង៧៨នាក់ទៀត កំពុងសង្រ្គោះបន្ទាន់នៅខេត្តក្រចេះ និងបញ្ជូនមកភ្នំពេញប៉ុន្មានថ្ងៃកន្លងទៅនោះ ពេលនេះ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនហើយ ។
ការឃុំខ្លួនបុរសផលិតស្រាសធ្វើឡើងដោយលោក អេងចំ ណាប់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ ដែលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅព្រឹកថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ។
ជនសង្ស័យ ដែលត្រូវឃុំខ្លួនម្នាក់នោះ ឈ្មោះ គុជ សុខហេង អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិគោលដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ពីបទមនុស្សឃាតដោយអចេតនា ដែលស្រារបស់គាត់បានបង្កឲ្យអ្នកផឹកចំនួន៦នាក់ពុលស្លាប់ និង៧៨នាក់ទៀត សង្រ្គោះបន្ទាន់តាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ។
មុនកើតហេតុ ពលរដ្ឋរងគ្រោះ បានធ្វើពិធីជួបជុំគ្នាផឹកសុីក្នុងឱកាសយកវេនគ្នាច្រូតស្រូវ ទិញស្រាសមកផឹក ក៏ស្រាប់តែបណ្តាលឲ្យពុលស្លាប់ ដំបូង៣នាក់់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ និង៤៤នាក់សង្រ្គោះបន្ទាន់ ហើយគិតរហូតមកដល់ ថ្ងៃច័ន្ទ១៣ កើតខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ អ្នកស្លាប់កើនឡើងដល់ចំនួន៦នាក់ និង៧៨នាក់ កំពុងបន្តសង្រ្គោះ ។
លោកចៅក្រមស៊ើបសួរ ខេត្តក្រចេះរូបនេះបានដាក់បទចោទពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌បានឃាត់ខ្លួនសាកសួរ និងឃុំខ្លួនអស់រយៈពេល២យប់កន្លងទៅ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។
មជ្ឈដ្ឋានខ្លះថា បើចាប់អ្នកផលិតស្រាសដាក់ពន្ធនាគារ ហើយគប្បីត្រូវស្រាវជ្រាវរកវត្ថុធាតុដើមផលិតស្រានោះ តើនាំចូលមកតាមណា គួរដាក់ទោសដល់មន្ត្រីប្រចាំច្រក់ត្រួតពិនិត្យគុណភាពទំនិញផង ព្រោះករណីខាងលើ ក៏ជាអ្នករងគ្រោះដែរ ៕ ជីវ័ន្ត