ខេត្តកណ្តាល៖ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅចាប់ផ្តើមដំណើរការបើកកម្មវិធីហើយរោមវត្តមានលោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។
ពិធីប្រណាំងទូកនេះដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អប្រសើរនោះ កម្លាំងនគរបាលខេត្តកណ្តាលចេញតាមគោលដៅនៅមាត់ទន្លេក្រុងតាខ្មៅ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលនគរបាលខេត្ត សហការជាមួយនគរបាលស្រុក/ក្រុងចំនួន៥សរុបជាង៣០០នាក់ បានចេញឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីត្រៀមចេញអន្តរាគមន៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្រ្គោះ ក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៨នេះ ។
ក្រៅពីកម្លាំងនគរបាលខេត្ត ក៏មានវត្តមានកម្លាំងកងរាជអាវុធហត្ថ ,កម្លាំងយោធា ជាច្រើននាក់ទៀតចេញតាមគោលដៅត្រៀមចេញអន្តរាគមន៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីប្រណាំងទូកនេះផងដែរ ។
ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តបានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួមបានញាំងឲ្យការរៀបចំពិធីមានភាពអធិកអធមក្រៃលែង។
លោកបណ្ឌិតសង្កត់ធ្ងន់ថា៖ ការប្រឡងប្រណាំងមានចាញ់ មានឈ្នះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងត្រូវតែបង្កើនសមត្ថភាពឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជយ័លាភីជូនភូមិ ឃុំរបស់ខ្លួនឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា៖ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៥៩គ្រឿងក្នុងនោះ៖ ទូកអំុចំនួន២៣គ្រឿង, ទូកអន្តរជាតិ ១៨គ្រឿង និងទូកផ្កាចារចំនួន១៨គ្រឿង
ទូកចូលរួមប្រណាំងទាំងអស់មកពីខេត្តកណ្តាលចំនួន៤៣ទូក រាជធានី ៣ទូកនិងខេត្តកំពង់ចាមចំនួន៣ទូក ៕ ស្អាងជ័យ