ព័ត៌មានទាន់ហេតុការណ៍៖

ចំការអំពៅរបស់ក្រុមហ៊ុនលោក កុយ សារ៉េន ប្រមាណជិត៧ហិកតា ត្រូវជនមិនស្គាល់មុខលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅរបស់ក្រុមហ៊ុនលោក កុយ សារ៉េន ប្រមាណជិត៧ហិកតា ត្រូវបានជនមិនស្គាល់មុខ ដែលមានបំណងមិនល្អ លួចដុតបង្កការភ្ញាក់ផ្អើលដល់អ្នកចាំចំការអំពៅ នាំគ្នាស្រែកហៅគ្នីគ្នាជួយបាញ់ទឹកពន្លត់រយះពេល២ម៉ោង ទើបរលត់ទាំងស្រុង។

ហេតុការណ៍ឆេះចំការអំពៅបានកើតឡើងកាលពីថ្ងៃ ច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥០នាទី ស្ថិតនៅចំណុចភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ចំការអំពៅដែលរងការឆាបឆេះ ជារបស់ក្រុមហ៊ន កុយ សារ៉េន ដែលរងការខូចខាតអស់ចំនួន ៦.៥០ហិកតា (ប្រាំមួយហិកតាកន្លះ)។

ប្រភពបន្តថា ការឆាបឆេះនេះ សមត្ថកិច្ចសន្និដ្ឋានជាបឋមសង្ស័យមានជនមិនស្គាល់មុខ ដែលគេមិនពេញចិត្តលួចដុត ព្រោះចំការអំពៅរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានឆេះជាច្រើនលើកមកហើយ បណ្ដាលឲ្យខាតបង់អំពៅរាប់រយហិកតាផងដែរ។

ពាក់ពន្ធ័នឹងករណីនេះ ឆេះចំការអំពៅលោក កុយ សារ៉េន ក៏បានត្អូញត្អែរថា នាពេលកន្លងមក ក្រុមហ៊ុនរបស់លោក ក៏រងការខាតបង់់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែមានជនអគតិខ្លះ មានការឈ្នានីស លួចចូលដុតអំពៅ ក្នុងចំការរាប់សិបហិចតា ហើយមិនតែប៉ុណ្ណោះ ក៏មានបងប្អូនខ្លះ លួចកាប់អំពៅរបស់ក្រុមហ៊ុនដាក់លើរថយន្ត រួចយកទៅលក់ក្នុងបណ្ដាស្រុកផ្សេងៗ ក្នុងទឹកដីខេត្តស្វាយរៀង រហូតមកដល់ថ្ងៃនេះ ត្រូវបានគេលួចដុតទៀត ធ្វើឲ្យក្រុមហ៊ុនគាត់ឈានទៅរកការក្ស័យធន់ផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចូលមូលដ្ឋានកំពុងស្រាវជ្រាវរកមុខសញ្ញាដែលលួចដុតអំពៅមកចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖