តាំងពីដើមមក រដ្ឋាភិបាលទីក្រុង ប៉េកាំង បានចាត់គ្រប់វិធានការ រួមទាំង យោធាផង ដើម្បីទប់ស្កាត់កោះតៃវ៉ាន់ ប្រកាសឯករាជ្យចេញពីចិនដីគោក។ចិនធ្លាប់បានប្រមានថានឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារ និងបញ្ចប់ការគ្រប់គ្រង ស្វ័យភាព ប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យនៅគ្រប់រូបភាព ក្នុងនោះមានទាំងការបោះឆ្នោតប្រជាមតិផងដែរ។ តៃវ៉ាន់គឺជាផ្នែក មួយនៃទឹកដីចិនមិនអាចកាត់ផ្តាច់បានឡើយ ។
កន្លងមកថ្មី ៗ ពលរដ្ឋតៃវ៉ាន់ ប្រមាណ ជាមួយសែននាក់ បាននាំគ្នាចុះថ្នល់ធ្វើបាតុ កម្ម នៅទីក្រុងក្រុងតៃប៉ិ ដើម្បីទាមទារឱ្យ រដ្ឋាភិបាលតៃវ៉ាន់ រៀបចំប្រជាមតិសុំឯក រាជ្យឱ្យកោះ។ ជាការប្រមូលផ្តុំដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមកទេ និងដែលប្រាកដជាធ្វើឱ្យទីក្រុងប៉េកាំង ដែលកំពុង ប្រើគ្រប់មធ្យោបាយផ្តាច់តៃវ៉ាន់ពីឆាកអន្តរជាតិ ក្តៅក្រហាយខ្លាំងជាក់ជាពុំខាន។
ផ្តួចផ្តើមដោយសម្ព័ន្ធFormoseនិងគាំទ្រដោយអតីតប្រធានាធិបតីកោះតៃវ៉ាន់ លោក លី តេងហ៊ុយ Lee Teng-hui និង លោក ឆេង ស៊ុយបៀន Cheng Shui-bian ក្រុមបាតុករជាអ្នកឯករាជនិយមជាងមួយសែននាក់ ដែលភាគច្រើនជាមនុស្សវ័យ ចំណាស់ ព្រមទាំងអង្គការសមាគម សាសនា អ្នកគាំទ្រឯករាជ្យផង បានមក ប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការបក្សប្រជា ធិបតេយ្យដែលជាបក្សកាន់អំណាច លើក បដា គ្រវីទង់ជាតិ ស្រែកសុំធ្វើប្រជាមតិទាមទារ ឯករាជ្យ ប្រឆាំងការវាតទីចង់មក ក្រសោបគ្រប់គ្រងរបស់ចិន។
សម្រាប់ក្រុមបាតុករ មានតែការធ្វើ ប្រជាមតិទេ ទើបប្រពលរដ្ឋតៃវ៉ាន់អាច បង្ហាញសហគមន៍អន្តរជាតិទាំងមូល អំពីសិទ្ធិនៃការស្ថាបនាប្រទេសមួយឯករាជ្យ ហើយដល់វេលាដែលតៃវ៉ាន់ ត្រូវហ៊ាន បញ្ចេញសកម្មភាព ធ្វើជាម្ចាស់លើខ្លួនឯង ក្លាយជាប្រទេសមួយដ៏ពេញលេញ និងមិនលេបត្របាក់បាត់ដោយចិនដីគោក។
ចិនតៃវ៉ាន់ និងចិនដីគោក (ប៉េកាំង) ត្រូវបែកខ្ញែកជាពីរ ដឹកនាំដោយរបបពីរ ប្រឈមគ្នាតាំងពីឆ្នាំ១៩៤៩មក។ ឆ្នាំដែលមានសង្គ្រាមស៊ីវិលរវាងពួកកុម្មុយនីស្ត បង្កើតឡើងនៅប៉េកាំង និងក្រុមជាតិនិយម ចិនគួមីនតាំង និរទេសខ្លួនមកតៃប៉ិ។ តៃវ៉ាន់តែងចាត់ទុកខ្លួនឯងជារដ្ឋ តែមិនដែលបានសុំទាមទារឯករាជ្យទាល់តែសោះ។ ចំណែកប៉េកាំង តែងចាត់ទុកកោះតៃវ៉ាន់ ជាដែនដីភាគមួយរបស់ចិន និងបានទាំង គំរាមប្រើកម្លាំងយោធាក្រសោបយកកោះតែម្តងផង ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសសុំផ្តាច់ខ្លួនជាផ្លូវការ។
បាតុកម្មនេះត្រូវបានរៀបចំឡើងក្នុង ខណៈដែលប៉េកាំងកំពុងបង្កើនសកម្មភាពដាក់តៃវ៉ាន់ឱ្យឯកាលើឆាកអន្តរជាតិ ឆក់ យកសម្ពន្ធមិត្តមួយម្តងៗពីតៃវ៉ាន់ និងដាក់គំនាបលើក្រុមហ៊ុនបរទេសឱ្សសរសេរថាតៃវ៉ាន់ជាខេត្តមួយរបស់ចិន …បាតុកម្មនេះក៏កំពុងរុញច្រានឱ្យលោកស្រីប្រធានាធិបតីតៃវ៉ាន់ ឆៃ អុីងវេន Tsai Ing-wen កំពុងស្ថិតក្នុងជំហរដ៏លំបាក ណាត្រូវទ្រាំ នឹងព្រនង់របស់មហាយក្សចិន ណាត្រូវទប់ទល់នឹងរលកឯករាជ្យផ្ទៃក្នុង។ លោកស្រី ឆៃ អុីងវេន ក៏មានប្រវត្តិនិងប្រពៃណីជាអ្នកឯករាជ្យនិយមដែរ ប៉ុន្តែប្រកាន់ជំហរ រក្សា Statut quo ជាមួយប៉េកាំង។ ម្យ៉ាងវិញទៀត ដើម្បីអាចរៀបចំប្រជាមតិបាន គេត្រូវធ្វើ វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលហាមឃាត់មិនឱ្យមានបោះឆ្នោតណាប៉ះពាល់ប្តូរច្បាប់និងអធិបតេយ្យភាពទេ។
បើតាមអ្នកវិភាគលោកស្រី ឆៃ អុីងវេន ទំនងជាគ្មានថ្ងៃធ្វើវិសោធកម្មច្បាប់ ដែល ដូចជាទៅដាស់យក្សចិនឱ្យមកគ្រញិចតៃវ៉ាន់ឡើយ។ លោកស្រីប្រធានាធិបតីបានហាមឃាត់សកម្មជនបក្សទាំងអស់មិនឱ្យចូលរួមជាមួយចលនាបាតុកម្មពលរដ្ឋនេះទេ៕ ម៉ែវ សាធី