កាលពីថ្ងៃទី២២ ខែតុលា ប្រធានាធិប តីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា ក្រុមជនល្មើស ក្រុមភេរវកម្ម នឹងបន្លំខ្លួនជាមួយក្រុមជនភៀសខ្លួនដែលកំពុងព្យាយាមឆ្លងព្រំដែន ចូលក្នុងទឹកដីអាមេរិក ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ ជាមួយ អ្នកសារព័ត៌មាន ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា «សូមស្វែងរកនៅក្នុងហ្វូងជនភៀសខ្លួន នឹងរកឃើញក្រុមបងធំ MS-13 , រកឃើញគ្រប់យ៉ាងនៅក្នុងនោះ»។
បើទោះបីប្រព័ន្ធផ្សព្វផ្សាយបានចាត់ ទុកការលើកឡើងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយមិនបានបង្ហាញពីភស្តុតាងច្បាស់ប៉ុន្តែលោកប្រធានាធិបតីត្រាំ មានភស្តុតាងនៅក្នុងដៃ ស្តីពីក្រុមភេរវកម្មកំពុងចូលក្នុងទឹកដីអាមេរិក តាមរយៈជន ភៀសខ្លួន នៅព្រំដែនជាប់ម៉ិចស៊ីកូ។
ការលើកឡើងរបស់ប្រធានាធិបតី អាមេរិក ក្រោយពេលមានជនអន្តោប្រវេសន៍ រាប់ពាន់នាក់បានចូលដល់តំបន់ព្រំដែន អាមេរិក ម៉ិចស៊ីកូ ដោយបានព្យាយាមចូលក្នុងទឹកដីអាមេរិក ។ តាមការលើកឡើង របស់មន្ត្រីក្នុងតំបន់ព្រំដែន គឺមានជនភៀសខ្លួនប្រមាណជាង៥.០០០នាក់ បានទៅ ដល់ព្រំដែន ។
កន្លងមក ក្រុមជនអន្តោប្រវេសន៍ មកពី ហុងឌុយរ៉ាស បានព្យាយាមប្រថុយគ្រោះថ្នាក់ទៅកាន់អាមេរិកបន្ទាប់ពីគាំងដំណើរអស់ជាច្រើនថ្ងៃនៅព្រំប្រទល់ម៉ិចសុីកូ ពលរដ្ឋហុងឌុយរ៉ាស រាប់រយនាក់ ដែល នាំគ្នារត់ជនភៀសខ្លួនជាក្រុម កំពុងបន្ត ដំណើរឆ្ពោះទៅរកទីដៅចុងក្រោយរបស់ ខ្លួន គឺអាមេរិកហើយ។ ដឹកកូនជញ្ជូនចៅ ចេញពីប្រទេសកំណើតអស់ជាច្រើនថ្ងៃ ដើរកាត់តាមប្រទេសក្វាតេម៉ាឡាទាំងមូលហើយ និងត្រូវឆ្លងរនាំងព្រំដែនម៉ិចស៊ីកូដ៏ តឹងតែងទៀត តែក្រុមជនភៀសខ្លួនហុង ឌុយរ៉ាស មិនរាថយទេ ពួកគេមានបំណង តែមួយ គឺជម្នះទៅអាមេរិកឱ្យខាងតែបាន។
ម៉ិចស៊ីកូមិនអនុញ្ញាតឱ្យមានជនអន្តោប្រវេសន៍ខុសច្បាប់ចូលស្រុក និងចូល ទាំងហិង្សាបានទេ!នេះជាប្រសាសន៍របស់លោកប្រធានាធិបតីម៉ិចស៊ីកូ កាលពីថ្ងៃ សុក្រ។ អាជ្ញាធរម៉ិចស៊ីកូ បានប្រមូលកម្លាំងបិទខ្ទប់ដំណើរជនភៀសខ្លួនហុងឌុយរ៉ាស ដែលមានគ្នាប្រមាណបួនពាន់នាក់ ឱ្យគាំងកកនៅត្រឹមព្រំដែនជាមួយប្រទេសក្វាតេ ម៉ាឡា តាំងពីថ្ងៃព្រហស្បតិ៍មក។ សកម្មភាព នេះបានទទួលការអបអរ សរសើរ និងអរ គុណពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំផងដែរ។
ប៉ុន្តែរលកអន្តោប្រវេសន៍ហុងឌុយរ៉ាសមិនខ្វល់នឹងរនាំងព្រំដែនទេ ! បើតាមប្រភពក្រសួងមហាផ្ទៃម៉ិចស៊ីកូ មានពលរដ្ឋហុង ឌុយរ៉ាស ប្រមាណជាង៩០០នាក់ បាន ជម្នះឆ្លងព្រំដែនដោយខុសច្បាប់ចូលដល់ទឹកដីម៉ិចស៊ីកូ តាំងពីល្ងាចថ្ងៃសៅរ៍មក ហើយមុននេះបន្តិច អាជ្ញាធរម៉ិចស៊ីកូ បានបើកព្រំដែនឱ្យស្ត្រីនិងកុមារចូល និងនាំទៅកាន់ទីស្នាក់បណ្តោះអាសន្ន។ ៥០០ នាក់ផ្សេងទៀត បានរុលមកដល់ស្ពាន ដែលជាព្រំដែនខ័ណ្ឌម៉ិចស៊ីកូពីប្រទេសក្វាតេម៉ាឡា ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋហុងឌុយរ៉ាសផ្សេងទៀត ឆ្លងទន្លេមក ដោយ សង្ឃឹមថានឹងអាចបន្តដំណើរឆ្ពោះទៅ អាមេរិក នៅថ្ងៃអាទិត្យ។
ជាសរុបនៅមានពលរដ្ឋហុងឌុយរ៉ាសប្រមាណពី ២៥០០នាក់ ទៅ៥ពាន់នាក់ នៅជាប់គាំងត្រង់ព្រំដែននេះ ប៉ុន្តែបើតាមប្រភពអ្នកសារព័ត៌មានបារាំងប្រចាំការនៅផ្ទាល់កន្លែងបានបញ្ជាក់ថា ចំនួនអន្តោ ប្រវេសន៍ហុងឌុយរ៉ាសបានថយចុះគួរឱ្យ កត់សម្គាល់។ ពួកគេទាំងនោះភាគច្រើន ទាំងក្មេងទាំងចាស់ បាននាំគ្នាឆ្លងទន្លេដោយ ហែល ដោយជិះទូក ចូលទៅម៉ិចស៊ីកូ ដោយគ្មានខ្លាចកងកម្លាំងសមត្ថកិច្ចតាមព្រំដែនទេ។ មានពលរដ្ឋប្រមាណតែ៣០០នាក់ប៉ុណ្ណោះដែលសុខចិត្តត្រលប់ទៅស្រុកកំណើតវិញ តាមសំណើរបស់រដ្ឋាភិបាលក្វាតេម៉ាឡា។
សូមបញ្ជាក់ថា ក្រុមជនអន្តោប្រវេសន៍នេះបានចេញដំណើរពីភាគខាងជើងប្រទេសសំដៅអាមេរិក តាំងពីជាងមួយសប្តាហ៍មក ក្រោយពីមានការឃោសនាតាមប្រព័ន្ធ សង្គម ពីសំណាក់អ្នកតំណាងរាស្ត្រឆ្វេង និយមណែនាំ ពួកគេភៀសខ្លួនជាក្រុម ដើម្បីមានសុវត្ថិភាព។
ក្នុងមួយថ្ងៃៗ មានពលរដ្ឋហុងឌុយរ៉ាស ប្រមាណពី ៣០០ទៅ៣៥០នាក់ រត់ទៅ អាមេរិក។ ជាងកន្លះលាននាក់ ក្នុងមួយ ឆ្នាំៗ បានឆ្លងទៅដោយខុសច្បាប់ដល់ម៉ិចស៊ីកូ ដើម្បីសម្រេចបំណងទៅអាមេរិក។ ហុងឌុយរ៉ាស ជាប្រទេសដ៏មហាហិង្សាជាងគេបំផុតមួយនៅលើពិភពលោក ដោយ មានអត្រាមនុស្សឃាត ៤៣ករណីក្នុង ចំណោមពលរដ្ឋ១សែននាក់៕ ម៉ែវ សាធី