ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ អាមេរិកត្រូវតែពិចារណាឡើងវិញពីគម្រោងដកខ្លួនចេញពីសន្ធិសញ្ញាបរមាណូ

ចែករំលែក៖

ចិនបានព្រមានដល់អាមេរិកថា សកម្មភាពរបស់អាមេរិកនាពេលនេះនឹងបង្កឲ្យមានលទ្ធផលអាក្រក់ ដល់ពិភពលោក ទាំងមូល។ កាលពីថ្ងៃទី២២ ខែតុលា ចិនបានស្នើដល់អាមេរិកឲ្យពិចារណាឡើង វិញនូវគម្រោងរបស់ខ្លួនស្តីពីការដកខ្លួន ចេញពីសន្ធិសញ្ញាអាវុធបរមាណូជាមួយ រុស្ស៊ី ដែលបានស្ថិតស្ថេរជាង៣ទសវត្សរ៍ កន្លងមក។ ប្រសិនបើអាមេរិកដកខ្លួនចេញ នោះ នឹងបង្កឲ្យមានបញ្ហាធំដល់ពិភព លោក។

សារព័ត៌មាន Bloomberg បានដក ស្រង់ការអំពាវនាវរបស់រដ្ឋាភិបាលចិន ក្រោយពីលោក ត្រាំ ប្រកាសនាពេល កន្លងមកថា នឹងដកខ្លួនចេញពីសន្ធិសញ្ញា បរមាណូ INT។ លោក ត្រាំ បានបញ្ជាក់ថា មូលហេតុដែលលោកត្រៀមលក្ខណៈដកខ្លួនចេញនោះគឺដោយសារតែរុស្ស៊ីមិនគោរព ដល់កិច្ចព្រមព្រៀងស្តីពី អាវុធបរមាណូ និងមីស៊ីល។

ប៉ុន្តែសារព័ត៌មាន New York Times បានផ្សាយថា គោលដៅរបស់លោក ត្រាំ នៅក្នុងការដកខ្លួនចេញពីសន្ធិសញ្ញា INT គឺដើម្បីទប់ទល់ជាមួយការរីកចម្រើនក្នុង វិស័យយោធារបស់ចិន ដែលអាចគំរាម កំហែងដល់មហាអំណាចយោធាទីមួយ របស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា «អាមេរិកពិតជាខុសទាំង ស្រុង ពេលចាត់ទុកចិនជាលេស ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញាបរមាណូជាមួយរុស្ស៊ី។ យើងសង្ឃឹមថា ភាគីពាក់ព័ន្ធចាំបាច់ត្រូវតែគោរពដល់សមិទ្ធផលដែលខិតខំ និង ទទួលបានជោគជ័យកាលពីអតីតកាល។ អាមេរិកគួរតែគិតឲ្យបានល្អិតល្អន់បំផុត មុននឹងសម្រេចចិត្ត»។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ដោយសារតែចិនមិនបានចូលរួមនៅ ក្នុងសន្ធិសញ្ញា INT ដែលបានចុះហត្ថ លេខាកាលពីឆ្នាំ១៩៨៧ ទាំងនោះហើយបានជាចិនងាយស្រួលក្នុងការផលិតមីស៊ីល បរមាណូរយៈចម្ងាយមធ្យម។ ការដកខ្លួនចេញពីសន្ធិសញ្ញាបរមាណូរបស់អាមេរិក គឺដើម្បីបន្តសកម្មភាពផលិតអាវុធដូចជាប្រទេសចិនដែរ។

អ្នកឯកទេសវិភាគ លោក Stephen Nagyz មកពីមហាវិទ្យាល័យ International Christian University នៅទីក្រុងតូក្យូបាន បញ្ជាក់ថា «អាមេរិកបានបង្ហាញពីគម្រោងដកខ្លួនចេញពីសន្ធីសញ្ញាបរមាណូ គឺជាសារដែលទីក្រុងវ៉ាស៊ីនតោនផ្ញើទៅកាន់ ទីក្រុងប៉េកាំងថា អាមេរិកមិនអនុញ្ញាតឲ្យ ចិនមានប្រៀបក្នុងវិស័យអាវុធបរមាណូនោះឡើយ»។

ចំណុចដែលចាប់អារម្មណ៍បំផុតនៅ ក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន។ អាមេរិកមានការភ័យខ្លាចចិនគ្រប់គ្រងពិភពលោកទាំងមូល ទើបអនុវត្តនូវយុទ្ធសាស្ត្រចាំបាច់ដើម្បីទប់ស្កាត់ ការរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច នយោ បាយ និងយោធា។

លោក Zhang Baohui អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិក មកពី មហាវិទ្យាល័យ Lingnan ហុងកុងបាន បញ្ជាក់ថា «កត្តាចិននៅក្នុងការសម្រេច របស់អាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា INT គឺជារឿងសមស្រប។ ចិនមិនមែន រុស្ស៊ីឡើយ ទើបជាប្រទេសដែលមានមីស៊ីល បរមាណូរយៈចម្ងាយមធ្យមកាន់តែច្រើនឡើង»។

លោក ត្រាំ៖ អាមេរិកបានលុយគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងអាវុធជាមួយ រុស្ស៊ី និងចិន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានរុស្ស៊ី និងចិន ថាទីក្រុងវ៉ាស៊ីនតោនមានសមត្ថភាពគ្រប់គ្រាន់ មានប្រាក់បរិបូណ៌ក្នុងការអភិវឌ្ឍអាវុធបរមាណូរបស់ ខ្លួនរហូតដល់ប្រទេសទាំងពីរ ចិន-រុស្ស៊ី មានសកម្មភាពសមស្រប។

បណ្តាញទូរទស្សន៍ RT បានផ្សាយថា ការប្រកាសរបស់លោក ត្រាំ គឺសំដៅទៅ លើទីក្រុងមូស្គូ និងទីក្រុងប៉េកាំងតែម្តង ពេលសម្រេចដកខ្លួនចេញពីសន្ធិសញ្ញា បរមាណូជាមួយរុស្ស៊ី។ លោក ត្រាំ បាន បញ្ជាក់ថា ចិនគួរតែចូលរួមនៅក្នុងសន្ធិ សញ្ញានោះដែរ។

លោក ត្រាំ បានលើកឡើងថា «អាមេរិក មានលុយច្រើនជាងគេបង្អស់»។ ការលើក ឡើងបែបនេះមានន័យថា ការប្រកួតប្រជែង អាវុធមិនមែនជាអម្រែកធ្ងន់សម្រាប់អាមេរិក នោះឡើយ។

ជាច្រើនឆ្នាំកន្លងមក អាមេរិក និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកពីការ បំពានលើសន្ធិសញ្ញាបរមាណូ ដោយអាមេរិក ចោទរុស្ស៊ីថា បានផលិតមីស៊ីលបរមាណូ ដែលបានហាមប្រាមនៅក្នុងសន្ធិសញ្ញា។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា សហ រដ្ឋអាមេរិកនឹងបង្កើនឃ្លាំងអាវុធនុយក្លេ អ៊ែររបស់ខ្លួនដើម្បីដាក់សម្ពាធលើរុស្ស៊ី និងចិន បន្ទាប់ពីលោកបានទទួលស្គាល់ថា នឹងដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ជាមួយរុស្ស៊ី។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានលើក ឡើងដូច្នេះថា «សហរដ្ឋអាមេរិកនឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររហូតដល់ពួកគេ (រុស្ស៊ី និងចិន) ភ្ញាក់រឭកឡើងវិញ»។

លោក ត្រាំ បន្ថែមថា នេះគឺជាការ ព្រមានមួយទៅកាន់នរណាក៏ដោយ ក្នុង នោះរួមមានទាំងចិន និងរុស្ស៊ីឲ្យតែចង់ លេងល្បែងនេះ…តែពួកគេមិនអាចលេងល្បែងនេះជាមួយខ្ញុំបានឡើយ។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីសន្ធិ សញ្ញា INF ជាមួយរុស្ស៊ី ដោយចោទថា ទីក្រុងមូស្គូបានរំលោភបំពានលើសន្ធិ សញ្ញានេះ។ ក៏ប៉ុន្តែរុស្សីបានបដិសេធ ហើយព្រមានវិញថា នឹងចាត់វិធានការ ឆ្លើយតប។

សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយឈានទៅរកការកាត់បន្ថយការប្រឈម មុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។

សន្ធិសញ្ញាបានហាមឃាត់ចំពោះការដាក់ពង្រាយប្រភេទមីស៊ីល ដែលអាច បាញ់ចេញពីផ្ទៃដីក្នុងរយៈចម្ងាយចន្លោះពី៥០០ ដល់៥,៥០០គីឡូម៉ែត្រ៕ ម៉ែវ សាធី


ចែករំលែក៖