ព័ត៌មានទាន់ហេតុការណ៍៖

ពួកមន្ត្រីជលផលខេត្តតាកែវស៊ីដាច់ប្រធានមន្ទីរកសិកម្ម​ លុយ​ដែលឈ្មួញបង់ឲ្យ​ជាថ្នូរនឹងបទល្មើសនេសាទ

ចែករំលែក៖

ខេត្តតាកែវ៖ គ្រាន់តែ​ឈ្មួញអ្នកនេសាទ​ល្មើស​ច្បាប់ម្នាក់ ឈ្មោះ ខុម បង់ប្រាក់​ឲ្យពួកមន្ត្រីជលផលនៅស្រុក​អង្គរបុរី ជាង១ម៉ឺនដុល្លារ ជាថ្នូរនឹងបានការអនុញ្ញាត​ឲ្យនេសាទ​ដោយសេរី ។ ប៉ុន្តែលុយនោះ​មិនត្រូវបានពួកមន្ត្រីជលផល​ប្រចាំ​ស្រុកអង្គរបុរី អ៊ឹម ផាត និងខឹម ប៊ុនថន ចែករំលែក​ទៅ​ឲ្យ​លោក ញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ​នោះឡើយ ។ លោក ញឹប ស៊្រន អះអាងថា លោក​មិនបានទទួលផលប្រយោជន៍ពីបទល្មើស​នេសាទ​នោះឡើយ ផ្ទុយទៅវិញ មានតែជំរុញ​ឲ្យមានការបង្ក្រាបបទល្មើសតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងតំបន់ដែនឡូត៍នេសាទលេខ១៧ និងលេខ១៨ កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងរាលដាលដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏រក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលក្រុមមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា ឃុបឃិតឲ្យអ្នកនេសាទជនជាតិវៀតណាមនិងអ្នកនេសាទជនជាតិខ្មែរមួយចំនួន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា បានឲ្យដឹងទៀតថា សព្វថ្ងៃជនជាតិចាម ឈ្មោះ ខុម រស់នៅភូមិកំពង់យោល ឃុំកំពង់យោល ស្រុកបុរីជលសា បានធ្វើសកម្មភាពនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងឡូត៍នេសាទលេខ១៧និងលេខ១៨ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ជនជាតិចាមឈ្មោះ ខុម បានប្រើរបាំងសាច់អួនក្រឡាញឹក និងរបាំងឡូត៍ស្បៃមុង ដែលមានប្រវែងបណ្ដោយរាប់គីឡូម៉ែត្រដើម្បីចាប់ត្រីក្នុងឡូត៍នេសាទលេខ១៧ លេខ១៨ ស្រុកអង្គរបុរី តាមអំពើចិត្ត។ ប្រភពដែលស្និទ្ធនឹងជនជាតិចាមឈ្មោះ ខុម បានឲ្យដឹងថា ជនជាតិចាមម្នាក់នេះ គឺជាមេខ្លោងធំក្នុងការប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងឡូត៍នេសាទលេខ១៧ និងលេខ១៨ ច្រើនឆ្នាំមកហើយដោយសារមានការឃុបឃិតពីមន្ត្រីរដ្ឋបាលជលផល ព្រមទាំងមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកអង្គរបុរី ដោយគិតគូរតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា ខេត្តតាកែវ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា ហ៊ានបើកដៃឲ្យជនជាតិចាមឈ្មោះ ខុម ប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិដូចសព្វថ្ងៃនេះ ដោយសារឈ្មោះ ខុម បង់ប្រាក់ជាង១ម៉ឺនដុល្លារ ។ ហេតុនេះ លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរបណ្ដែតបណ្ដោយឲ្យប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញឹប ស្រ៊ន ក៏ដូចជានាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដូចសព្វថ្ងៃនេះទៀតទេ។ តាមប្រភពខ្លះបានឲ្យដឹងថា ជនជាតិចាមឈ្មោះ ខុម បានចំណាយលុយរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗដើម្បីធ្វើសកម្មភាពនេសាទខុសច្បាប់នៅក្នុងឡូត៍នេសាទលេខ១៧ និងលេខ១៨ ស្រុកអង្គរបុរី ដោយគ្មានខ្លាចក្រែងអ្វីឡើយព្រោះអីមានការឃុបឃិតពីមន្ត្រីនិងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន ។

ប្រភពពីមន្ត្រី​រាជការនៅ​មន្ទីរកសិកម្មខេត្តអះអាងថា ពួកមន្ត្រីជលផល មិនខ្លាចញញើតលោកញឹប ស៊្រន នោះទេ ពីព្រោះកន្លងមក ខ្សែបណ្តោយរបស់គេ​ គឺនៅអគ្គនាយកដ្ឋានរដ្ឋបាលជលផល ទើបតែមួយឆ្នាំជាង​ប៉ុណ្ណោះដែលមន្ត្រីជលផល ត្រូវដាក់ឲ្យនៅក្រោមឱវាទមន្ទីរកសិកម្ម ។ ដូច្នេះ ពួកមន្ត្រីជលផល​មិនញញើតប្រធានមន្ទីរនោះឡើយ ផ្ទុយទៅវិញ ពួកគេ​នៅតែបន្តស្តាប់ខ្សែបណ្តោយ ខាងអគ្គនាយកដ្ឋានរដ្ឋបាល​ជលផល និងក្រុមមន្ត្រីជលផល​តាមថ្នាក់របស់ពួកគេតែប៉ុណ្ណោះ ។ ដូច្នេះ បទល្មើសនេសាទ នៅស្រុកអង្គរបុរី គឺជា​បញ្ហា​ផលប្រយោជន៍របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផល ។ អគ្គនាយកដ្ឋានរដ្ឋបាលជលផល​មិនខ្វល់អំពីបញ្ហាបទល្មើស​នេសាទ​នៅស្រុកអង្គរបុរី និងស្រុកបុរីជលសា នៅខេត្តតាកែវនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖