ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បន្ទាប់ពីមន្ត្រីពន្ធនាគារដោះលែងឲ្យមានសេរីភាពបាន៣ខែ ពាក់ព័ន្ធករណីជួញដូរ រក្សា ទុកប្រើប្រាស់ និងដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ ជននេះត្រូវបានកម្លាំងនគរបាលគ្រឿងញៀន ស្រុកមេមត់ សហការជាមួយកម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាល មេមត់ចាប់ឃាត់ខ្លួនជាថ្មី ។ ក្នុងនោះកម្លាំងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន១កញ្ចប់ធំ រួមជាមួយ ឧបករណ៍ជក់ និងសម្ភារៈវេចខ្ចប់មួយចំនួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
នគរបាលស្រុកមេមត់ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូររក្សាទុកប្រើប្រាស់ និងដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះចាស់ទុកចោលមិនមានម្ចាស់ផ្ទះរស់នៅរយៈពេល៣ឆ្នាំមកហើយ ស្ថិតក្នុងភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ។
ក្នុងនោះកម្លាំងបានឆែកឆេររកឃើញ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន១កញ្ចប់ធំ រួមជាមួយឧបករណ៍ ជក់ និងសម្ភារៈវេចខ្ចប់មួយចំនួន ហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ។ នគរបាលថា បច្ចុប្បន្នជន សង្ស័យត្រូវបានកម្លាំងយើងកសាងសំណុំរឿង ព្រមទាំងវត្ថុតាងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោស តាមនីតិវិធី ដោយយោងតាមចម្លើយសារភាព និងវត្ថុតាងដែលបានចំពោះមុខ ។
នគរបាលស្រុកមេមត់ឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ហ៊ាន សុខណា ហៅស្កូវ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ញាតិខ្មែរ រស់នៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានលិខិតដោះលែងពីពន្ធនាគារ និងជាមុខសញ្ញាដែល មានក្នុងបញ្ជីគ្រប់ គ្រងមុខសញ្ញាគ្រឿងញៀន ឈ្មោះ ហ៊ាន សុខណា ហៅស្កូវ មានលិខិតដោះ លែងលេខ ៨០៦/១៨ ព.ត.ឃ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់ឧត្តមអគ្គានុរក្ស២ កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ត្រូវដោះ លែងឲ្យមានសេរីភាពដើម្បីទៅរស់នៅអាសយដ្ឋានឬទីកន្លែងកំណើតរបស់ខ្លួនដើម្បីធ្វើជាប្រជាពលរដ្ឋធម្មតា ដោយអនុវត្តតាមដីការបង្គាប់ឲ្យលេខ១៩៤អ.យ/១៧ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ របស់តំណាង អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ៕ វណ្ណៈ