ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ត្រូវបានអ្នកភូមិអះអាងថា សង្ស័យអាក់អន់ចិត្ត ខណៈប្រពន្ធរបស់រត់ចោលទៅប្រទេសថៃ ក៏សម្រេចចិត្តចងកធ្វើអត្តឃាតនៅដើមឈើក្តុលក្បែរដំបូក បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចវេលាម៉ោង១ និង០០នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្រ្ទៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ឡេង កុសល ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានប្រប្រពន្ធ និងកូនតូចម្នាក់ បច្ចុប្បន្ន រស់នៅខាងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ផ្ទះឪពុកម្ដាយខាងប្រពន្ធ) ហើយមុនកើតហេតុបានមកលេងផ្ទះឪពុកម្ដាយបង្កើត ស្ថិតក្នុងភូមិ. ឃុំកើតហេតុ ។
ប្រភពថា គេគ្រាន់តែថា ជនរងគ្រោះមានទំនាស់ក្នុងគ្រួសារជាមួយ ប្រពន្ធ នៅឯស្រុកកណ្ដៀង ហើយលឺថាប្រពន្ធរបស់គាត់ រត់ចោលទៅប្រទេសថៃបាត់ហើយ ។
អាជ្ញាធរមូលដ្ឋាន សហការចុះស្រាវជ្រាវពិនិត្យ ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដ ហើយធ្វើកំណត់ហេតុប្រគល់សាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន