ព័ត៌មានទាន់ហេតុការណ៍៖

បង្គោលភ្លើងកណ្តាលផ្លូវ​ណតប៊្រីដ ត្រូវបានការពារ​ដោយធុងជ័រធំៗ

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងធំៗ​នៅកណ្តាលផ្លូវ​ណតប៊្រីដ ដែលបានឆក់យកជីវិត​ប្រជាពលរដ្ឋ​ជាច្រើននាក់​ ជាបន្តបន្ទាប់នាគ្រាកន្លងមក ពេលនេះ​ត្រូវបានស្ថាប័នជំនាញ​យកធុងជ័រមក ស្រោបពីលើ​ ឬបាំងពីមុខប្រយោជន៍​ការពារ​កុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដែលបុក ។ មានន័យថា បើបុកបង្គោលភ្លើងនោះ បើទោះបីជាមានគ្រោះថ្នាក់ ប៉ុន្តែមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ ព្រោះមានធុងជ័រជួយការពារ​ ប្រៀបដូចជាពោងសុវត្ថិភាពយ៉ាងដូច្នោះដែរ ។

ធុងជ័រ សម្រាប់ការពារបង្គោលភ្លើង ដែលស្ថិតនៅកណ្តាលផ្លូវណតប្រ៊ីត ឬផ្លូវអាស៊ីអាគ្នេយ៍ ពីស្ពានអាកាសផ្សារដីហុយ នៅមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវវេងស្រេង នៅពេលនេះ បានប្តូររូបរាង ពីធុងជ័រតូច ពណ៌ខៀវ ដែលបានក្លាយជាធុងសំរាម ទៅជាធុងពណ៌លឿងធំជាងមុន។ ប៉ុន្តែគួរឲ្យស្តាយ ដែលមន្ត្រីជំនាញខាងផ្លូវថ្នល់ និងអគ្គិសនី មិនព្រមដកបង្គោលភ្លើងទាំងនោះ ចេញពីទ្រូងផ្លូវទេ បែរជាមានជំនាញត្រឹមតែដាក់ធុងជ័រ ដើម្បីការពារបង្គោលភ្លើងទាំងនោះទៅវិញ។

ប្រជាពលរដ្ឋម្នាក់និយាយថា បើទោះបីជាមានធុងជ័រ​ការពារបង្គោលភ្លើងនោះយ៉ាងណាក៏ដោយ ប៉ុន្តែ​អ្នកធ្វើដំណើរឆ្លងកាត់​តាមផ្លូវនេះ​ត្រូវតែប្រុងប្រយ័ត្ន​ នៅគ្រាដែលកំណាត់ផ្លូវមួយនេះ​មិនទាន់មានភ្លើងបំភ្លឺផ្លូវនៅឡើយ ។ ដូច្នេះហានិភ័យនៃគ្រោះថ្នាក់ នៅមានកម្រិតខ្ពស់ ដែលអ្នកប្រើប្រាស់ផ្លូវនេះ​ត្រូវ​ប្រុងប្រយ័ត្នខ្លាំងបំផុត ។ ការដែលអាជ្ញាធរបានដាក់ធុងជ័រនោះ ទំនងជាគិតថា បើសិនជាមានការបុកយ៉ាងណានោះ ក៏មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរពេកដែរ ។

កំណាត់ផ្លូវណតប្រ៊ីត ជាផ្លូវភ្លាប់ពីមហាវិថីហាណូយ ទៅផ្លូវវេងស្រេង ដែលផ្លូវនេះ ជាផ្លូវក្រវ៉ាត់ក្រុង។ ប៉ុន្តែកំណាត់ផ្លូវណតប្រ៊ីត តាំងពីពង្រីកថ្មី ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវវេងស្រេង បែរជាពង្រីកជាប់បង្គោលភ្លើងច្រង៉ាងៗ កណ្តាលផ្លូវ ដើម្បីលម្អ ដោយនៅកណ្តាលទ្រូងផ្លូវបេតុងថ្មីនេះ មានដាំស្មៅ និងដើមផ្កា។

បង្គោលភ្លើងនៅកណ្តាលផ្លូវណតប្រ៊ីតរាប់សិបដើមទាំងនោះ កន្លងមក បណ្តាលឲ្យមានអ្នករងគ្រោះ រហូតដល់ស្លាប់ក៏មាន។ តាមផ្លូវណតប្រ៊ីតនោះ មានបង្គោលភ្លើងយ៉ាងច្រើន នៅកណ្តាលផ្លូវ តែបែរជានៅពេលយប់ ផ្លូវនោះ ងងឹតឈឹងទៅវិញ ជាហេតុធ្វើឲ្យអ្នកដំណើរមួយចំនួន រងគ្រោះ ព្រោះតែបង្គោលភ្លើង។ តែពេលនេះ មានធុងជ័រធំជាងមុន ប្រហែលជាអាចការពារបង្គោលភ្លើងបាន លែងឲ្យឡានម៉ូតូបុកបាន ដូចមុនទៀតហើយ មើលទៅ។

គេនៅចាំបានថា កាលពីអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅខែមេសា ឆ្នាំ២០១៨ នៅពេលបើកដំណើរការស្ពានអាកាសផ្សារដីហុយ លោករដ្ឋមន្ត្រី ស៊ុនចាន់ថុល បានប្រាប់អ្នកកាសែតថា បង្គោលភ្លើងលើផ្លូវណតប្រ៊ីត ដែលនៅលើទ្រូងផ្លូវទាំងនោះ នឹងត្រូវរុះរើចេញ ដើម្បីកុំឲ្យឡានម៉ូតូ បើកបុកតទៅទៀត។ ប៉ុន្តែស្ងាត់មួយរយៈ ស្រាប់តែមានក្រុមជំនាញរបស់អគ្គិសនីកម្ពុជា ទៅរុះរើមែន តែរុះរើធ្វើបង្គោលធំជាងមុន តែពីរបង្គោល ដែលស្ថិតនៅជាប់ស្ពានអាកាសផ្សារដីហុយប៉ុណ្ណោះ។ ចំណែកបង្គោលភ្លើងផ្សេងទៀត គឺបានត្រឹមតែដាក់ធុងជ័រការពារប៉ុណ្ណោះ។

នៅពេលនេះ ស្ងាត់រឿងអ្នកបើកបរម៉ូតូឡាន បើកបុក ឬប៉ះបង្គោលភ្លើងទាំងនោះ។ តែបើសិនជាអ្នកជំនាញខាងផ្លូវ និងជំនាញខាងអគ្គិសនី រៀបចំដក ឬក៏កាត់បង្គោលភ្លើង ចេញពីកណ្តាលទ្រូងផ្លូវណតប្រ៊ីត នៅពេលនេះ ជាការប្រសើរ ដូចពាក្យថា “ការពារ ប្រសើរជាងព្យាបាល” ដើម្បីកុំឲ្យមានអ្នករបួស និងស្លាប់ ដោយសារតែបង្គោលភ្លើងតទៅទៀត ។

សម្រាប់ប្រជាពលរដ្ឋ​ដែលធ្វើដំណើរតាមដងផ្លូវនេះ សំណូមពរ​ឲ្យអាជ្ញាធរពន្លឿនដកបង្គោលភ្លើងពីកណ្តាលផ្លូវ​ដោយ​យកទៅដាក់នៅកៀនចិញ្ចើមផ្លូវវិញ ។ បើមិនយ៉ាងដូច្នោះទេ នៅតែបន្តមាន​ការរងគ្រោះដល់ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ឆ្លងកាត់កំណាត់ផ្លូវនេះទៀតជាមិនខាន ៕ ហេង សូរិយា


ចែករំលែក៖