រដ្ឋមន្ត្រីការពារជាតិចិនបានប្រកាសថា កម្លាំងទាហានចិន មិនបានទៅឈ្លានពានឬគំរាមកំហែងប្រទេសណាមួយនោះ ឡើយ ប៉ុន្តែ ចិននឹងការពារដែនអធិបតេយ្យរបស់ខ្លួនមិនឲ្យបាត់បង់នោះឡើយ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិចិន កើតឡើងក្នុងពេលដែលកោះតៃវ៉ាន់ ដែល មានការលូកដៃពីអាមេរិក អាចឈានដល់ការបោះឆ្នោតប្រជាមតិឯករាជ្យ ផ្តាច់ខ្លួន ពីចិនដីគោក។
សារព័ត៌មានរុស្សុី Sputnik នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថា ប្រមុខការពារជាតិចិន បានប្រកាសជាចំហនាថ្ងៃព្រហស្បតិ៍នេះថា កងទ័ពចិននឹងប្រើគ្រប់សកម្មភាពទាំង អស់ ប្រសិនបើនរណាម្នាក់ហ៊ានព្យាយាមមកបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន។
ទោះជាបែបនេះក្តី រដ្ឋមន្រ្តីការពារជាតិ ចិន លោក វៃ ហ្វេងហេ (Wei Fenghe) បានគូសបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធចិនតែងតែប្រកាន់ខ្ជាប់នូវការអភិវឌ្ឍខ្លួនដោយសន្តិវិធី ហើយនិងមិនចូលរួមពាក់ ព័ន្ធជាមួយការប្រកួតប្រជែងសព្វាវុធ ឬក៏ ពង្រីកឥទ្ធិពលយោធាឡើយ។ និយាយរួម គឺយោធាចិននឹងគ្មានថ្ងៃក្លាយជាការគំរាមកំហែងដល់ប្រទេសដទៃនោះទេ»។
គួរជម្រាបថា ការព្រមានជាថ្មីបែបនេះពីសំណាក់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាមេរិកបានបញ្ជូននាវាចម្បាំង២គ្រឿង ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់។ ចិន ដែលមិនខ្លាចនឹងប្រើកម្លាំងបាយ ដើម្បី សង្រ្គប់យកកោះតៃវ៉ាន់មកគ្រប់គ្រងនោះ បានតាមដាន ដោយមិនដាក់ភ្នែកនោះ ឡើយ ចំពោះទំនាក់ទំនងរវាងទីក្រុងវ៉ាសុីនតោន និងតៃវ៉ាន់ ដែលទីក្រុងប៉េកាំងនៅតែ ចាត់ទុកថា គ្រាន់ជាខេត្តមួយប៉ុណ្ណោះរបស់ ខ្លួន៕ ម៉ែវ សាធី