ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដេញចាប់ជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពីលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានរួមគំនិតគ្នាជិះម៉ូតូដើរលួចលុយតាមផ្ទះ ប្រជាពលរដ្ឋតែត្រូវបានគេឃើញទាន់ ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងដេញ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ចំណែកម្នាក់ទៀតគេចខ្លួនបា ត់កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ ចែម រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ដើរលួច ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ញ៉ូវ ភទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា បានរត់គេចខ្លួនបាត់ ។

រីឯជនរងគ្រោះឈ្មោះ កយ តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលក្រុមគ្រួសារ កំពុងលង់លក់ក្នុងដំណេក ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសម្លេង កំប៉ុងធ្លាក់ប្រ៉ាវ ទើបភ្ញាក់ដឹងខ្លួន ស្រាប់តែឃើញជនសង្ស័យម្នាក់ស្ទុះរត់ចេញពីក្នុងផ្ទះ ឡើងជិះម៉ូតូ បក្ខពួកដែលឈប់រង់ចាំខាងមុខស្រាប់ បើករត់គេច ទើបស្រែកឆោឡោផ្អើលអ្នកភូមិ ចេញមកស្ទាក់តាមផ្លូវ ធ្វើឲ្យជនសង្ស័យភ័យ បើកទៅបុកពលរដ្ឋម្នាក់ ធ្លាក់ជនសង្ស័យម្នាក់ខាងលើ ទើបពលរដ្ឋស្រវាចាប់បាន ចំណែកជនសង្ស័យម្នាក់ទៀត ជាបក្ខពួក លើកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើករត់គេចខ្លួនបាត់ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបាន ជាអ្នកគាស់ទ្វារផ្ទះចូលលួចលុយ សម្ភារ ហើយរបស់ទ្រព្យទាំងនោះ ត្រូវបានម្ចាស់យកវិញ លុយជាង១ពាន់ដុល្លារ ប្រាក់រៀលជាង៧ម៉ឺនរៀល ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបានពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងរួចប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖