ព័ត៌មានទាន់ហេតុការណ៍៖

មហាអំណាចសេដ្ឋកិច្ច អាស៊ីកាន់តែជិតស្និទ្ធដោយសារតែសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិក

ចែករំលែក៖

ប្រទេសមហាអំណាចសេដ្ឋកិច្ច លំដាប់ ទីពីរនិងទីបីនៅលើ ពិភពលោក កំពុង តែផ្សារភ្ជាប់នូវទំនាក់ទំនង ប្រទេសទាំងពីរ តាមរយៈនៃដំណើរទស្សនកិច្ចជាប្រវត្តិ សាស្ត្រ និងជាលើកដំបូង របស់នាយករដ្ឋ មន្ត្រីជប៉ុនសុីនហ្សូ អាបេ ទៅកាន់ប្រទេស ចិនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែតុលា ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរជាពិសេសពីភាគីជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនៃប្រទេស ដែលជាគូសត្រូវនឹងគ្នា និងចំពេលមាន ការកើនឡើង នៃភាពមិនប្រាកដប្រជានៃ ចំណងការទូតរវាងប្រទេសនានា នៅជុំវិញ ពិភពលោក។

ទោះជាយ៉ាងនេះក្តី ភាគីទាំងពីរចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយក្រុមហ៊ុនជប៉ុនចង់បង្កើនលទ្ធភាព ចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិន ហើយទីក្រុងប៉េកាំងវិញ ក៏ចាប់អារម្មណ៍ នឹងបច្ចេកវិទ្យា ព្រមទាំងចំណេះដឹងរបស់ក្រុមហ៊ុនជប៉ុនដែរ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ បារាំង AFP មេដឹកនាំប្រទេសទាំងពីរទំនងជាផ្តោតសំខាន់លើកិច្ចព្រមព្រៀងដែល មានសក្តានុពលមួយចំនួន រួមមានទាំង ការវិនិយោគរួមគ្នា លើវិស័យហេដ្ឋារចនា សម្ព័ន្ធ នៅក្នុងតំបន់រួមមានទាំង ក្នុង ប្រទេសឥណ្ឌូណេស៊ីនិងហ្វុីលីពីន។ ថ្មីៗ នេះ លោកអាបេ បានបង្ហាញពីការចាប់ អារម្មណ៍ទៅលើ គម្រោងផ្លូវមួយ ខ្សែក្រវាត់មួយដ៏ធំរបស់ប្រទេសចិនដែរ ប៉ុន្តែអ្នកជំនាញនិយាយថាកិច្ចព្រមព្រៀងជាក់ស្តែងស្តីពីការចូលរួមរបស់ជប៉ុនក្នុងគម្រោងនេះ គឺ មិនទំនងជាអាចកើតឡើងទេនាពេល នេះ។

ទោះជាបែបនេះក្តី អ្នកជំនាញស្តីពី ចំណងទំនាក់ទំនងជប៉ុន-ចិន បាននិយាយ ហើយថា ប្រទេសជប៉ុននិងប្រទេសចិន ពិតជាមានសេដ្ឋកិច្ចសមស្របគ្នាណាស់ ហើយប្រទេសទាំងពីរ អាចទទួលបាន ប្រយោជន៍យ៉ាងខ្លាំងពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទុនរួមគ្នា។

ដោយឡែកកន្លងមកថ្មីៗនេះ រដ្ឋមន្ត្រី ហិរញ្ញវត្ថុជប៉ុន ក៏បានសម្តែងសុទិដ្ឋិនិយម ដោយបាននិយាយផងដែរថា កិច្ចចរចា ហិរញ្ញវត្ថុបច្ចុប្បន្នជាមួយចិនគឺជារឿងល្អខ្លាំងណាស់ ហើយភាគីទាំងពីរបានព្រម ព្រៀងគ្នា រក្សាកិច្ចសហប្រតិបត្តិការក្នុង គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងវិធានការនានា។ លើសពីនេះទៀត គេដឹងថា ដើម្បីអាចរកផ្លូវដើររួមគ្នាមួយឆ្ពោះទៅកាន់ការបង្កើនវិស័យសេដ្ឋកិច្ច មេដឹកនាំជប៉ុន-ចិន ថែមទាំងទុកបញ្ហាជម្លោះទឹកដីជាមួយគ្នាមួយឡែកសិនទៀតផង។

ជាចុងក្រោយ ក្រោយពីបញ្ចប់ដំណើរ ទស្សនកិច្ចលើកនេះ ជប៉ុនទំនងជានឹង បញ្ជូនអ្នកតំណាងក្រុមហ៊ុនធំៗគ្រាក់ៗរបស់ខ្លួនចំនួនប្រមាណជា ៥៧៩ ក្រុមហ៊ុន ទៅចូលរួមក្នុងពិធីសម្ពោធពិព័រណ៍នាំចូលអន្ដរជាតិចិន នៅសៀងហៃនៅខែវិច្អិការ ក្រោយ។ នេះបើតាមប្រភពពីសារព័ត៌មាន នៅចិន។ បន្ថែមលើនេះ ប្រទេសជប៉ុន ក៏សង្ឃឹមផងដែរថា ប្រធានាធិបតីចិនគឺ លោកស៊ី ជីនពីងនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនវិញម្តង ក្នុងពេលខាងមុខ ឆាប់ៗនេះ។

ទំនាក់ទំនងទ្វេភាគីជប៉ុន-ចិន

ជាការណ៍ពិតណាស់ ដំណើរទស្សន កិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន សុីនហ្សូ អាបេ ត្រូវបានគេចាត់ទុកថាជាដំណើរ ទស្សនកិច្ចដ៏សែនកម្រមួយ។ ជាដំណើរ ទស្សនកិច្ចដ៏កម្រ ពីព្រោះថាដំណើរ ទស្សនកិច្ចនេះ គឺជាទស្សនកិច្ចលើកទី មួយរបស់នាយករដ្ឋមន្រ្តីជប៉ុនចាប់តាំងពីឆ្នាំ ២០១១មក និងជាផ្នែកមួយនៃដំណើរការផ្សះផ្សាឡើងវិញ នូវទំនាក់ទំនងដ៏សែន សោះកក្រោះ រវាងប្រទេសទាំងពីរដែលជាគូសត្រូវប្រវត្តិសាស្ត្រ និងជាសត្រូវដណ្តើមទឹកដីជាមួយគ្នា។

ជាក់ស្តែង ទំនាក់ទំនងរវាងជប៉ុននឹង ចិន បានធ្លាក់ក្នុងសភាពអាប់អួរជាខ្លាំងហៅលែងឮតែម្តង កាលពីឆ្នាំ ២០១២ នៅគ្រាដែលចិនចេញមុខអះអាងថា ទី ប្រជុំកោះមានជម្លោះ គឺប្រជុំកោះ សេន កាគុ ដែលកំពុងស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ជប៉ុន ជាកម្មសិទ្ធិរបស់ខ្លួន។

ក្នុងអំឡុងពេលនៃជំនួបរវាងគ្នានេះដែរមេដឹកនាំជប៉ុនលោកអាបេ និង លោក ប្រមុខរដ្ឋចិន នឹងប្រារព្ធរួមគ្នា ខួបលើកទី ៤០ ឆ្នាំ នៃសន្ធិសញ្ញាសន្តិភាពនិងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថ លេខាកាលពីឆ្នាំ១៩៧៨ ពោលគឺក្រោយពីសម័យសង្គ្រាមលោកលើកទី២។

ក្រៅតែពីចង់លើកតម្តើងទំនាក់ទំនងល្អជាមួយគ្នា ប្រទេសខ្លាំងក្បែរខាងគ្នាគឺ ជប៉ុន និង ចិន នឹងដាក់លើតុជជែក ពិភាក្សាគ្នា នូវចំណុចសំខាន់ៗផ្សេងទៀត ដែលក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ច និង បញ្ហាជម្លោះដណ្តើមទឹកដី។

បើតាមលោកស្រី Kristin Vekasi ជំនួយការសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យMaineនិងជា អ្នកជំនាញខាងចំណងទំនាក់ទំនងជប៉ុន-ចិន បានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងផ្ទុះ និងបង្កឡើងដោយ សហ រដ្ឋអាមេរិករបស់លោកត្រាំ វាហាក់បីដូចជា ចលករមួយ ជួយឲ្យប្រទេសបងធំនៅអាស៊ីទាំងពីរគឺជប៉ុន-ចិន ងាកមកខិតជិតគ្នា។ ក្នុងន័យនេះ វាគូសបញ្ជាក់ថា ទាំងជប៉ុន ទាំងចិន ពិតណាស់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា ពីព្រោះរដ្ឋបាលអាមេរិកដឹកនាំដោយលោកត្រាំធ្វើសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយគូប្រជែងដូចជាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងទៅនឹងសម្ពន្ឋមិត្តដែលក្នុងនោះរួមមានទាំងជប៉ុនផងដែរ។ ដូចនេះហើយ នយោបាយគិតតែពីខ្លួនឯងរបស់សហរដ្ឋមេរិក ប្រាកដណាស់នឹងច្រានជប៉ុនឲ្យរងគ្រោះបាន ហើយដើម្បីដោះស្រាយវិបត្តិនៅចំពោះមុខនេះ ប្រទេសជប៉ុន ក៏ដូចជាចិនដែរត្រូវងាកមកជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំងជាងមុន ដើម្បីធ្វើយ៉ាងណា ឲ្យសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាពនិងរឹងមាំបន្តទៅមុខទៀតបាន៕ ម៉ែវ សាធី


ចែករំលែក៖