ភ្នំពេញ: អគ្គីភ័យឆាបឆេះហាងលក់គ្រឿងតុបតែងរថយន្តយីហោស៊ាងហាក់ តូបB24 បណ្តាលឲ្យខូចខាតសម្ភារ:សម្រាប់លក់អស់មួយចំនួន បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់ចុះមកអន្តរាគមន៍កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្បែរអង់តែនទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេមានធំក្លិនឈ្ងៀម និងមានផ្សែងចេញមកពីខាងក្នុងហាងលក់គ្រឿងតុបតែងរថយន្តយីហោ ស៊ាងហាក់ តូបB24 ដែលម្ចាស់បានបិទចាក់សោ ទើបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង នាំគ្នាចោមរោមមើល បន្ទាប់មកក៏ស្រាប់តែឃើញមានអណ្ដាតភ្លើងចេញមកពីក្នុង។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បាននាំគ្នាវាយបំបែកសោ និងគាស់ទ្វារហាង រួចនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់តែភ្លើងនៅឆេះដដែល ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់ឲ្យចុះមកជួយអន្តរាគមន៍។ ក្រោយមកក៏ឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញជាច្រើនគ្រឿង មកអន្តរាគម៍បាញ់ទឹកពន្លត់អស់ចំនួន៧គ្រឿងទើបរលត់ទៅវិញជាស្ថាពរ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញមកពីប្រអប់ព្រីភ្លើងដែលនៅក្នុងហាងកើតហេតុហើយករណីអគ្គីភ័យនេះដែរមិនបណ្តាលឲ្យឆេះរាលដាលដល់តូបដែលនៅក្បែរខាងនោះទេ គ្រាន់តែខូចខាតសម្ភារ:សម្រាប់លក់ដែលនៅក្នុងហាង អស់ប្រមាណ៤០ភាគរយ ក្នុងនោះមានដូចជា ធុងបាស់ អំពូលភ្លើងរថយន្ត កម្រាលពូករថយន្ត និងសម្ភារ: មួយចំនួនទៀត។ ហើយកម្លាំងជំនាញពន្លត់អគ្គិភ័យម្នាក់ បានរងរបួសរយ:ជើងខណ:ដែលកំពុងប្រតិបត្តិការបាញ់ពន្លត់ភ្លើងនេះ៕ ជ្រោយពេជ្រ