ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបុករថយន្តកុងតឺន័រពីក្រោយ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់ចោមមើល ខណៈរថយន្តហ៊ីយ៉ានដាយបុកគូថរថយន្តកុងតឺន័រ ដែលឈប់សង្ស័យបែកធុងទឹកបណ្ដាលឲ្យក្ដៅគាំងម៉ាស៊ីន ពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ1 ត្រង់ចំណុចគីឡូម៉ែត្រលេខ148/149 ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរស ដែលជាអ្នកបើករថយន្តហ៊ីយ៉ានដាយ ដែលរងរបួសធ្ងន់មានឈ្មោះផៃ ផូអាយុ31ឆ្នាំ មានទីលំនៅភូមិគោក រលួស ឃុំដំុដែក ស្រុកសូត្រនិគម ខេត្តសៀមរាម ។

ចំណែកអ្នកបើករថយន្តកុងតឺន័រត្រូវបានស្គាល់ឈ្មោះបិន សុភា ភេទប្រុស អាយុ38ឆ្នាំ មានទីលំនៅភូមិស្រុកពាមរ ខេត្តព្រៃវែងក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B0405 ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ពីលិចមកកើត ហើយស្រាប់តែឈប់កណ្ដាលផ្លូវសង្ស័យបែកធុងទឹកបណ្ដាលឲ្យក្ដៅគាំងម៉ាស៊ីន ខណៈនោះ ស្រាប់តែមានរថយន្តម៉ាក HYUNDI ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E3812 ទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នកបើកបររថយន្តហ៊ីយ៉ានដាយ ដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅរាជធានីភ្នំពេញ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលវាស់វែង និងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖