ព័ត៌មានទាន់ហេតុការណ៍៖

មីស៊ីលរាប់សិបដើមបានបាញ់ចេញពីកាហ្សាសំដៅទៅអីុស្រាអែល

ចែករំលែក៖

ការវាយប្រហារគ្នារវាងអីុស្រាអែលនិងក្រុមប្រឆាំងនៅតែបន្តកើនឡើងខ្ពស់ ហើយការធ្វើបាតុកម្មរបស់ពលរដ្ឋប៉ាឡេស្ទីននៅតាមព្រំដែន ក៏មិនទាន់បញ្ចប់នៅ ឡើយដែរ។ ដោយការប៉ះអង្គិចគ្នាកាលពីថ្ងៃសុក្រ កន្លងមក បណ្តាលឲ្យជនជាតិ ប៉ាឡេស្ទីន៥នាក់ស្លាប់ ជាដើមហេតុធ្វើឲ្យមានការបាញ់ប្រហារដោយមីស៊ីលជាថ្មី ។

កម្លាំងការពារ អីុស្រាអែល IDF បាន ផ្សព្វផ្សាយបង្ហាញឲ្យឃើញថាមីស៊ីល រាប់សិបដើមបានបាញ់ចេញពីតំបន់កាហ្សា សំដៅទៅភាគខាងត្បូង ប្រទេសអីុស្រា អែល ។

ការវាយប្រហារដោយមីស៊ីលកើតឡើងនៅវេលាម៉ោង២២ យប់ថ្ងៃទី២៦ ខែតុលា ម៉ោងក្នុងតំបន់ ក្រោយពេលមានជនជាតិប៉ាឡេស្ទីន៥នាក់ស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានអីុស្រាអែល ។ កម្លាំងទាហានការពារអីុស្រាអែល បាន ប្រកាសឲ្យដឹងថា មានមីស៊ីលដល់ទៅ ១៤ដើម បានបាញ់ចេញពីតំបន់កាហ្សា ប៉ុន្តែត្រូវបានមីស៊ីលការពារ របស់អីុស្រា អែលវាយស្ទាក់ ។

អ្នកនាំពាក្យកម្លាំងទាហាន អីុស្រាអែល IDF បានប្រកាសឲ្យដឹងថា «មីស៊ីល ប្រមាណ១០-១២ដើម បានបាញ់សំដៅ ទីក្រុង Sderofប្រទេសអីុស្រាអែល ។ ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបIron Dome បានវាយស្ទាក់កម្ទេច មីស៊ីលទាំងនោះ»។ ជាមួយគ្នានោះ កម្លាំងទាហានអីុស្រាអែលក៏បានបញ្ជូនយន្តហោះចម្បាំងនិង ឧទ្ធ ម្ភាគចក្រ វាយប្រហារទៅលើទីតាំង ភេរវ កម្មនៅកាហ្សា ។

មកទលពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់និងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនៅឡើយ ។ ហេតុការណ៍វាយប្រហារខាងលើកើត ឡើង ក្រោយពេលរដ្ឋាភិបាល ប៉ាឡេស្ទីន បានប្រកាស់ថា មានពលរដ្ឋប្រទេសនេះ៤នាក់ត្រូវទាហាន អីុស្រាអែលបាញ់សម្លាប់នៅតំបន់ព្រំដែន និងម្នាក់ទៀតស្លាប់ដោយការប៉ះទង្គិចគ្នាជាមួយទាហានអីុស្រាអែល។

ជាច្រើនខែកន្លងមក ជនជាតិប៉ាឡេ ស្ទីន បានធ្វើបាតុកម្មនៅតាមបណ្តោយព្រំដែន ទាមទារឲ្យរដ្ឋាភិបាលអីុស្រាអែល បញ្ចប់ការឡោមព័ទ្ធកាហ្សា ។ ពលរដ្ឋប៉ាឡេស្ទីនជាង២០០នាក់បានស្លាប់ និង រាប់រយនាក់រងរបួសនៅក្នុងការធ្វើបាតុកម្មចាប់តាំងពីខែមីនា មកទល់ពេលនេះ។

កាលពីសប្តាហ៍កន្លងមក អីុស្រាអែលក៏បានរងការវាយប្រហារដោយមីស៊ីលពី កាហ្សា បណ្តាលឲ្យពលរដ្ឋស្លូតត្រង់៣នាក់ស្លាប់ ។ ភ្លាមៗនោះទាហានអីុស្រាអែលក៏បានបើកការវាយប្រហារទៅលើគោលដៅចំនួន៨ នៅកាហ្សា ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖