ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកទួលកាត់ទទឹង ដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន បានធ្វើឲ្យនារីម្នាក់ បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ខណៈដែលរូបនាងជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកទួលកាត់ទទឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់សន្លប់ស្តូក ។

ករណីគ្រោះថ្នាក់ នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ណូរ៉ា អាយុប្រហែលជាង២០ឆ្នាំ ស្នាក់នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិក ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ 2000 ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលចង្កូតទៅបុកទួលកាត់ទឹងផ្លូវ សម្រាប់បន្ថយល្បឿន បណ្តាលខ្ទាតផ្លោងទាំងម៉ូតូ និងអ្នកបើកបរប្រមាណ១០ម៉ែត្រ ធ្វើឲ្យនារីរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់ហូរឈាមប្រឡាក់ពេញផ្លូវនិងសន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូនដ្ឋាន ទាក់ទងរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ទួលសង្កែទី២ រង់ចាំជនរងគ្រោះ ឬសាច់ញាតិយកឯកសាមកផ្ទៀងផ្ទាត់ និងប្រគល់ឲ្យក្រុមគ្រួសារវិញ ៕អារុណរះ


ចែករំលែក៖