នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍លោកប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបានសួរនាំរដ្ឋមន្ត្រីមួយរូបនៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe ថាមានសកម្មភាពប៉ុនប៉ងធ្វើឃាតប្រធានាធិបតី។ ជម្រើសរបស់ប្រធានាធិបតីនាពេលនេះគឺ ដកហូតតំណែងនាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មីដែលមានចិត្តស្មោះត្រង់។
សារព័ត៌មាន The Times បានដកស្រង់សម្តីប្រធានាធិបតី Maithripala Sirisena បានបញ្ជាក់ថា «ព័ត៌មានដែលទទួលបានពីក្រុមស្រាវជ្រាវ បានលាក់បាំងជាមួយមនុស្សគ្រប់គ្នា។ អ្នកផ្តល់ព័ត៌មានបានប្រាប់ថា មានរដ្ឋមន្ត្រីមួយចំនួន ប៉ុនប៉ងធ្វើឃាតខ្ញុំ»។
លោកប្រធានាធិបតី មិនបានប្រាប់ឈ្មោះរដ្ឋមន្ត្រីដែលប៉ុនប៉ងធ្វើឃាត ក៏ដូចជាបកស្រាយថាហេតុអ្វីបានជាលោកជឿទុកចិត្តព័ត៌មានស្តីពីការប៉ុនប៉ងធ្វើឃាត។ ប៉ុន្តែអ្នកគាំទ្រប្រធានាធិបតី ជាច្រើនថ្ងៃកន្លងមក បានបញ្ជាក់ថា មានការរៀបចំផែនការធ្វើឃាតប្រធានាធិបតី។
លោក Namal Kumara ដែលជាអ្នកផ្សព្វផ្សាយព័ត៌មានស្តីពីការប៉ងប៉ងធ្វើឃាតប្រធានាធិបតីបានបញ្ជាក់ថា នាយករដ្ឋមន្ត្រី Wickremesinghe និងរដ្ឋមន្ត្រីមួយចំនួននៅពីក្រោយគម្រោងធ្វើឃាតប្រធានាធិបតី។ ប៉ុន្តែមកទល់ពេលនេះ នាយករដ្ឋមន្ត្រីមិនទាន់បកស្រាយពីបញ្ហាខាងលើនៅឡើយ ហើយក៏មិនទាន់មានមន្ត្រីរូបណាដែលត្រូវបានចាប់ខ្លួននោះដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានការណ៍ប្រែប្រួល ក្នុងប្រទេសស្រីលង្កា ហើយលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពខាងលើ៕ ម៉ែវ សាធី