ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រកាសៗ! បនល្បែងស៊ីសងចាក់លុយរាប់ពាន់ដុល្លារ នៅភូមិត្រពាំងប្រាសាទ បើកលេង៦ថ្ងៃ ក្នុងមួយសប្តាហ៍ គ្មានការបង្ក្រាប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ទីតាំងបនល្បែងស៊ីសងភ្នាល់បញ្ជល់មាន់ និងអាប៉ោងមួយកន្លែងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ កំពុងបើកលេងភ្នាល់យ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់ ឬបង្ក្រាបពីសំណាក់អជ្ញាធរ និងសមត្ថកិច្ចឡើយ ។

ជាក់ស្តែងកាលពីថ្ងៃទី២៩​ ខែតុលា ឆ្នាំ២០១៨ មានក្រុមអ្នកញៀនល្បែងមកពីទីជិត និងទីឆ្ងាយ ក៏ដូចជាតាមបណ្តាខេត្តផ្សេងទៀត ជូបជុំគ្នានៅទីតាំងខាងលើដើម្បីលេងភ្នាល់ ហើយសកម្មភាពនេះ គេប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមិនមានការរំខានពីអជ្ញាធរ ឬសមត្ថកិច្ចឡើយ ។ ដោយទង្វើខាងលើនេះត្រូវបានគេដាក់ការសង្ស័យថាអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ ជាឆ្នាំងបាយតែមួយ នៅក្នុងស្រុកត្រពាំងប្រាសាទទាំងមូល ។

ប្រភពបានឲ្យដឹងថា ទីតាំងល្បែងភ្នាល់ខាងលើ គេបើកលេងភ្នាល់មានរយៈពេលជាង៦ខែមកហើយ ដោយក្នុងមួយសប្តាហ៍ គេលេងភ្នាល់តែ៦ថ្ងៃ(ប្រាំមួយថ្ងៃ)ប៉ុណ្ណោះ គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ហើយការចាក់លុយភ្នាល់គ្នាមានរហូតដល់រាប់ពាន់ដុល្លារឯណោះ ។

លោកឧត្តសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា លោកកំពុងរកមើលទីតាំងខាងលើដើម្បីបញ្ជាទៅអធិការឲ្យធ្វើការបង្ក្រាបទីតាំងនេះ ៕ ប៉ែន នួន


ចែករំលែក៖