ព័ត៌មានទាន់ហេតុការណ៍៖

ជនស្រវឹងស្រាធ្លាក់ភ្នែកម្នាក់ បើករថយន្តបុករះ បណ្ដាលឲ្យគេរបួសធ្ងន់ស្រាល៣នាក់ ត្រូវសមត្ថកិច្ចវៃខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ឆោឡោ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមួយបានកើតឡើង ខណៈដែលបុរសម្នាក់ស្រវឹងស្រាឡើងធ្លាក់ភ្នែក បានបើករថយន្តមួយគ្រឿងបានជ្រុលទៅបុកម៉ូតូនិច រងខូចខាតបន្តិចបន្តួចមិនព្រមឈប់ដោះស្រាយ និងព្យាយាមបើករត់ទៅបុកម៉ូតូនឹងរថយន្តចំនួន២កន្លែងផ្សេងគ្នាទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងតៃកុងរថយន្តរងគ្រោះ ព្រមទាំងអ្នកបង្ករងរបួសស្រាល២នាក់ ដោយធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំងបាននាំគ្នាដេញតាម និងចាប់វាយតៃកុងរថយន្តបង្កឡើងទ្រមខ្លួន ទើបមានសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ។

ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍បង្កជាករណីហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចអតីតរង្វង់មូលស្ទាតអូរឡាំពិច ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាឡើងជោគជាំបានបើករថយន្តTACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AW-9707 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅប៉ះម៉ូតូនិចមួយគ្រឿងរងការខូចខាតតិចតួច ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ក៏បានព្យាយាមបើករត់ត្រូវប្រជាពរដ្ឋជិះដេញពីក្រោយ ធ្វើឲ្យរថយន្តបង្កនោះទៅបុកបារ៉ាស សមត្ថកិច្ចកំពុងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ ហើយបើករត់បន្តតាមបណ្ដោយផ្លូវ៣២៨ដល់កែង២០៥ ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង ដែលជិះដោយបុរសម្នាក់ពីត្បូងទៅជើងប៉ើងជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់រួចហើយព្យាយាមបើករត់បន្តទៀត មកកែងនឹងផ្លូវលេខ១៩៩ ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2AP-3521 បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កទៅមុខលែងរួច និងម្ចាស់រថយន្តព្រូសរងរបួសស្រាល ចំណែកម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបមានសមត្ថកិច្ចជួយអន្តរាគមន៍ ដឹកចេញពីកន្លែងកើតហេតុ ហើយក្នុងអំឡុងពេលនោះ បុរសម្នាក់ជាម្ចាស់ម៉ូតូ ដែលរងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដឹកម្ចាស់រថយន្តបង្កទៅប៉ុស្តិ៍ទួលស្វាយព្រៃ២ រង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ ដោយរថយន្តបង្ក និងរថយន្តរងគ្រោះព្រមទាំងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញរវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖