ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះ Yutu សំដៅទៅលើកោះ Luzon ប្រទេសហ្វុីលីពីន

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយហ្វុីលីពីន កាលពីព្រឹកថ្ងៃទី២៩ ខែតុលា បានប្រកាសអាសន្នឲ្យប្រជាជននៅក្នុងខេត្តចំនួន៩ស្ថិតនៅភាគខាងជើងកោះលូហ្សូន (Luzon) និងតំបន់ខ័រឌីលឡេរ៉ា (Cordillera) មានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលអាចនឹងបង្កឡើងដោយព្យុះទីហ្វុងយូទូ ដែលនឹងបក់បោកមកដល់ដែនដីហ្វុីលីពីនឆាប់ៗនេះ។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរឧតុនិយមហ្វុីលីពីនបានឲ្យដឹងថា ព្យុះទីហ្វុងយូទូ ដែលទើបតែបានវាយប្រហារលើកោះ ម៉ារៀណា ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចកាលពីចុងសប្ដាហ៍មុន អាចនឹងបង្កគ្រោះរអិលបាក់ដីនៅថ្ងៃអង្គារនេះ ហើយវាអាចវាយប្រហារលើកោះ Luzon ទាំងមូលមុននឹងចាកចេញពីហ្វុីលីពីននៅ២៤ម៉ោងបន្ទាប់។

គួរបញ្ជាក់ថា ទីហ្វុង Yutu ឬគេស្គាល់ថា Rosita នឹងក្លាយជាព្យុះទីហ្វុងទី១៨ ដែលនឹងវាយប្រហារលើប្រទេសហ្វុីលីពីននៅក្នុងឆ្នាំ២០១៨នេះ និង៦សប្ដាហ៍ប៉ុណ្ណោះ ក្រោយព្យុះទីហ្វុង មាំងឃុត (Mangkhut) វាយសង្រ្គប់លើកោះ Luzon ដោយផ្ដាច់ជីវិតមនុស្សរាប់សិបនាក់ និងបង្កជាការខូចខាតគិតជាទឹកប្រាក់១៨០លានដុល្លារ។ ជារៀងរាល់ឆ្នាំហ្វុីលីពីន តែងតែរងគ្រោះដោយសារខ្យល់ព្យុះយ៉ាងតិចចំនួន២០៕ ម៉ែវ សាធី

 


ចែករំលែក៖