ខេត្តកំពង់ស្ពឺ៖ ផ្ទះបើកល្បែងស៊ីសង១កន្លែង មានបើកល្បែងបៀ, អាប៉ោង ដោយចំហរ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ដោយពួកប្រុសៗ ដឹងខ្លួនរត់បាតជើង ស ព្រាត នៅសល់តែស្រីៗចំនួន៣នាក់គ្មានការងារធ្វើ និងបុរសម្នាក់ បានប្រមូលផ្តុំគ្នាលេងបៀ នៅទីនោះដែរ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួន ។ ករណីបង្ក្រាបល្បែងតូចតាចនេះ បានកើតឡើងនៅម៉ោង១២ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងប្រិយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ចុះបង្ក្រាបល្បែងស៊ីសង១កន្លែងនេះ មានប្រជាពលរដ្ឋក្នុងភូមិរាយការណ៍ប្រាប់សមត្ថកិច្ចថា ម្ចាស់ផ្ទះម្នាក់ឈ្មោះ សន សេន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច កំពង់បើកល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ ដោយមានមនុស្សប្រុសស្រីជាច្រើននាក់ ពពាក់ពពូនគ្នា ចូលលេងគ្មានគិតការងារផ្ទះ។
ប្រភពដដែលបន្តថា ក្រោយទទួលព័ត៌មាននេះហើយ លោកអធិការនគរបាលស្រុកភ្នំស្រួច បានចាត់កម្លាំងនគរបាល ឲ្យចុះបង្ក្រាបទីតាំងនោះភ្លាម តែនៅពេលសមត្ថកិច្ច ទៅដល់ អ្នកញៀនល្បែងជាបុរស បានដឹងខ្លួនមុន រត់គេចខ្លួនបាត់ស្រមោល នៅសល់តែស្រីៗ៣នាក់ និងបុរសម្នាក់ កំពុងព័ទ្ធវង់លេងបៀ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន។
ជនសង្ស័យទី១-ឈ្មោះ ឌឹម ធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិត្រាំងក្រូច ឃុំក្រាំងដឺវ៉ាយ,ទី.២ ឈ្មោះ វ៉ន វ៉េត ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំក្រាំងដឺវ៉ាយ,ទី.៣ ឈ្មោះសួស ពេជ្រ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំក្រាំងដឺវ៉ាយ,ទី៤ ឈ្មោះប៊ុន បឿន ភេទ ប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដីក្រហម ឃុំក្រាំងដឺវ៉ាយ ។ចំណែកម្ចាស់ផ្ទះ រត់គេចខ្លួន។
ក្រៅពីឃាត់ខ្លួនបានអ្នកលេងបៀ សមត្ថកិច្ច ដកហូតវត្ថុតាងបានបៀចំនួន១ហ៊ូរ និងមេអាប៉ោងចំនួន២គ្រាប់ ចាន១, គម្រប១, និងកៅអី១ និងលុយខ្មែរចំនួន១០មុឺនរៀល។
ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនអ្នកញៀនល្បែងទាំង៤នាក់ និងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកម្ចាស់ផ្ទះ ដែលកំពុងរត់គេចខ្លួននោះ សមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួន ចាត់ការនៅពេលក្រោយ ៕ សេនាស័ក្តិ