ព័ត៌មានទាន់ហេតុការណ៍៖

ក្តីឈឺចាប់នៃគ្រួសារអ្នកដំណើរគ្របដណ្តប់ឥណ្ឌូនេស៊ីទាំងមូល ក្រោយការធ្លាក់យន្តហោះ

ចែករំលែក៖

អ្នកផ្ទះនៃគ្រួសារជនរងគ្រោះ ធ្លាក់យន្តហោះ បានបង្ហាញវត្តមាននៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ Halim Perdanakusuma ភាគខាងកើត ទីក្រុងចាការតា ដើម្បីរង់ចាំដំណឹងស្តីពីសាច់ញាតិ របស់ខ្លួនស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ។

តាមការបញ្ជាក់ពីក្រុមហ៊ុន អាកាសចរណ៍ Lion Air បានប្រកាសឲ្យដឹងថា យន្តហោះ Boeing 737 មានជើងហោះហើរ JT610 បានចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិ ចាការតា ឆ្ពោះទៅកាន់ Pangkal Pinang នៅលើកោះ ស៊ូម៉ាត្រា ក៏ធ្លាក់ចូលសមុទ្រ ។ នៅលើយន្តហោះនោះ មានអ្នកដំណើរសរុប ១៨៩នាក់ ក្នុងនោះ អ្នកដំណើរ ១៧៨នាក់ មានកុមារម្នាក់ និងទារក ២នាក់ រួមទាំងក្រុមពហុនិកា៦នាក់ ។ គ្រោះថ្នាក់ខាងលើ គ្មានអ្នកណាម្នាក់នៅរស់ឡើយ ។

បុរសម្នាក់ឈ្មោះ Murtado Kurniawan បាននិយាយទំាងទឹកភ្នែកថា ភរិយារបស់លោក នៅលើយន្តហោះសំណាងអាក្រក់នោះ ទៅបំពេញការងារ លោកទើបតែរៀបការបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ លោកបន្តទៀតថា «ខ្ញុំមិនអាចរស់នៅដោយគ្មាន នាងឡើយ ខ្ញុំស្រឡាញ់នាងខ្លាំងណាស់» ។ សំដីចុងក្រោយដែលខ្ញុំនិយាយទៅកាន់ប្រពន្ធ គឺការពារខ្លួន ខ្ញុំពិតជាបារម្ភពេលប្រពន្ធទៅឆ្ងាយ ។ នៅពេលខ្ញុំទទួលព័ត៌មានស្តីពីការធ្លាក់យន្តហោះ ធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង ។

សាកសពជាច្រើនត្រូវបានរកឃើញក្រោយហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងថា មានសាកសពជាច្រើន ត្រូវបានក្រុមជួយសង្គ្រោះបានស្រង់ចេញពីទឹក នៅតំបន់សមុទ្រ ដែលយន្តហោះរបស់ក្រុមហ៊ុន Lion Air ជួបគ្រោះថ្នាក់ធ្លាក់ ។ សាកសពត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភាគខាងកើត ទីក្រុង ចាការតា ។

សារព័ត៌មាន CNN បានផ្សាយថា នៅយប់ថ្ងៃតី ២៩ ខែតុលា ក្រុមជួយសង្គ្រោះ ស្រង់បានសាកសព ៦នាក់ ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោក Bambang SuryoAjiប្រធានក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមសង្គ្រោះ បានរកឃើញផ្នែកកន្ទុយនៃយន្តហោះ សំណាងអាក្រក់ខាងលើ ចំណែកខ្លួនយន្តហោះ មិនទាន់រកឃើញនៅឡើយ ។

ដើម្បីសុវត្ថិភាព ក្រុម មុជទឹក បានផ្អាក់ សកម្មភាព ស្វែងរក នៅពេលយប់ ។ សាកសព អ្នកដំណើរ ត្រូវបានគេសង្ស័យថា ជាប់គាំងនៅក្នុងយន្តហោះ គ្រោះថ្នាក់នោះ ។ ក្រុមជួយសង្គ្រោះ បាន ប្រឈមនឹងឧបស័គ្គ ដោយសារតែរលក់ធំៗ ។ ពេលនេះ មនុស្សយន្ត មុជទឹក ក៏ត្រូវបានប្រើប្រាស់ដើម្បីស្វែងរកនៅបាតសមុទ្រ ។

កន្លងមក អ្នកដំណើរនៅលើយន្តហោះJT 610 រហូតដល់ ១៨៩នាក់ បានហោះហើរនៅវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី ២៩ ខែតុលា ហើយបាត់ខ្លួនក្រោយការហោះហើរបានតែ ១៣នាទីប៉ុណ្ណោះ ។ យន្តហោះ ក៏បានធ្លាក់ចុលសមុទ្រ ជិតកោះជ្វា និងលិច ចុះបាតសមុទ្រក្នុងជម្រៅ ប្រហែល៤០ម៉ែត្រ ។ មូលហេតុធ្លាក់យន្តហោះ គេនៅមិនទាន់ដឹងឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖