ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ នៃអធិការដ្ឋានខណ្ឌដង្កោ បានល្បាតពួនស្ទាក់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាដើរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២៖០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចត្រង់ភូមិថ្មី ផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ខាងលើ ទី១ឈ្មោះ ផល វាសនា អាយុ២៤ឆ្នាំ មានទីតាំងនៅភូមិដើមមៀន ឃុំដើមមៀន សង្កាត់តាខ្មៅ (មុខរបរមិនពិតប្រាកដ)។ ទី២ ឈ្មោះ ម៉ាត់ តាំ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដើមមៀន ឃុំដើមមៀន សង្កាត់តាខ្មៅ ខេត្តកណ្ដាល (មុខរបររត់ម៉ូតូឌុប)។ ទី៣ឈ្មោះ យូ ផាន់នាង ហៅនាង អាយុ១៧ឆ្នាំ មានទីលំនៅភូមិដើមមៀន ឃុំដើមមៀន សង្កាត់តាខ្មៅ ខេត្តកណ្ដាល (មិនពិតប្រាកដ)។
លោក តុន តូនី នាយប៉ុស្កិ៍នគរបាលដង្កោ បានប្រាប់ឲ្យដឹងថា មុនពេលកើត ដោយមានបទបញ្ជាពីថ្នាក់លើ និងបន្តសកម្មភាពការពារ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំបំពេញ ភារកិច្ច និងបង្កើនការល្បាតពួនស្ទាក់ រក្សាសន្តិសុខ សុវត្ថិភាព និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន លោកនាយប៉ុស្តិ៍បានបញ្ជាឲ្យកម្លាំងល្បាតប៉ុស្តិ៍នគរបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន លុះមកដល់ចំណុចភូមិថ្មី ផ្លូវព្រៃស ក៏បានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានសុំឆែកឆេរ និងត្រួតពិនិត្យ ឃើញមានឧបករណ៍សម្រាប់កាច់ក.ម៉ូតូមួយឈុត រួចដកទុកយកមករក្សាទុកធ្វើជាវត្ថុតាង ទើបវាយខ្នោះជនសង្ស័យទាំង៣នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ភ្លាមៗផងដែរ។
វត្ថុតាងចាប់យករួមមាន ដែកសំប៉ែតចុងស្រួល សម្រាប់កាច់.កម៉ូតូ ចំនួន១ និងទុលល្វីសខ្នាតតូច ចំនួន ១ឈុត និងម៉ូតូ២គ្រឿង ម៉ាក Suzuki VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1I-3290 និង ម៉ាក SIRIUS ពណ៌សលាយខ្មៅពាក់ស្លាកលេខកណ្ដាល 1Q-2612 ។ ៣/ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក LG ចំនួន ១គ្រឿង និងម៉ាក SAMSUNG ចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបន្តតាមនិតីវិធីច្បាប់៕ ភារ៉ា ដង្កោ