ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសល លើកកម្ពស់ការអប់រំកុមារតូចតាមរយៈកម្មវិធីអំណានដំបូង

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានជំរុញ និងចូលរួមលើកកម្ពស់លទ្ធភាពទទួលបាន ការអប់រំសម្រាប់កុមារតូច នៅក្នុងសហគមន៍ក្រីក្រ តាមរយៈការចែកចាយសម្ភារៈសិក្សារៀនសូត្រ ដល់ប្រជាពលរដ្ឋជាង៥០គ្រួសារ នៅក្នុងខេត្តកំពង់ចាម ។

ថ្មីៗនេះបុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន ព្រូដិនសល កម្ពុជាបានចែកចាយសៀវភៅកុមារ និងបានរៀបចំសកម្មភាពមួយចំនួនដើម្បីលើកកម្ពស់ជំនាញអាន និងសមត្ថភាពសិក្សារបស់កុមារ ។ តាមរយៈល្បែងកំសាន្ត និងសកម្មភាពរីករាយមួយចំនួន ដែលបានរៀបចំនេះឪពុកម្តាយត្រូវបានលើកទឹកចិត្តឲ្យយកចិត្តទុកដាក់កាន់តែសកម្មចំពោះការអភិវឌ្ឍកូនៗរបស់ពួកគាត់ក្នុងវ័យកុមារភាព ។ ការស្ម័គ្រចិត្តនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជាលើកម្មវិធីអំណានដំបូងជាកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចដោយសហការជាមួយអង្គការសង្គ្រោះកុមារកម្ពុជា (Save the Children) និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ប្រចាំតំបន់របស់សាជីវកម្ម ព្រូដិនសល អាស៊ី ។

លោកស្រីខូយរ៉ានីទីប្រឹក្សាជាន់ខ្ពស់ផ្នែកគាំពារ និងអភិវឌ្ឍកុមារតូចនៃអង្គការសង្គ្រោះកុមារប្រចាំកម្ពុជាបានមានប្រសាសន៍ថាការផ្ដល់អំណោយសៀវភៅ និងប្រដាប់ក្មេងលេង ដែលមានតម្លៃសមរម្យសម្រាប់កុមារតូចគឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់តម្លៃ និងអត្ថប្រយោជន៍នៃការអប់រំដើម្បីឲ្យគ្រួសារកម្ពុជានៅទូទាំងប្រទេសបានយល់ ។

លោកស្រីបានបន្ថែមថា៖ “សម្ភារសម្រាប់សិក្សា និងអាន ដែលសមស្របតាមអាយុគឺជាធាតុផ្សំដ៏សំខាន់ក្នុងការបង្កើតទម្លាប់នៃការអានរបស់កុមារ ។ កុមារអាចស្គាល់អក្សរលេខរូបរាងពណ៌ដោយប្រើសម្ភារទាំងនេះ…យើងសូមថ្លែងអំណរគុណចំពោះមូលនិធិព្រូដិនស៍ ដែលបានក្លាយជាអ្នកគាំទ្រដ៏រឹងមាំនៃកម្មវិធីគាំពារ និងអភិវឌ្ឍកុមារវ័យក្មេងតាមរយៈកម្មវិធីអានដំបូង ” ។

លោកហ័ងវុទ្ធីនាយកផ្នែកអតិថិជន និងទីផ្សារនៃក្រុមហ៊ុន ព្រូដិនសល កម្ពុជាបានមានប្រសាសន៍ថា៖“ការអប់រំគឺជាស្នូលនៃការអភិវឌ្ឍទេពកោសល្យសម្រាប់ប្រទេសហើយវាចាប់ផ្តើមជាមួយនឹងការអប់រំកុមារតូចៗ ។ ការលើកទឹកចិត្តកុមារតូចឲ្យអាន និងលេងជាមួយសម្ភារអប់រំអាចជួយឲ្យពួកគេមានសុខភាពល្អ ។ ខ្ញុំជឿជាក់ថាកម្មវិធីអំណានដំបូងនឹងជួយកុមាររបស់យើងឲ្យយល់ដឹងពីសក្តានុពលពេញលេញរបស់ពួកគេ និងពង្រឹងការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា ” ។

ដោយចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣កម្មវិធីអំណានដំបូងមានគោលបំណងផ្តល់ឲ្យមាតាបិតា និងអាណាព្យាបាលនូវជំនាញដើម្បីជួយបង្រៀនដល់កូនៗរបស់ពួកគេឲ្យចេះអានហើយនឹងធ្វើឲ្យកុមារកាន់តែច្រើនឡើងអាចសម្រេចជោគជ័យលើការសិក្សារបស់ពួកគេ និងដើម្បីទទួលបានគុណភាពជីវិត ដែលកាន់តែល្អប្រសើរ ។

គួរបញ្ជាក់ដែរថាតាមរយៈកម្មវិធីអំណានដំបូងអង្គការSave the Children និងមូលនិធិព្រូដិនស៍បានផ្ដល់ជួយដល់កុមារជាង២១,០០០នាក់ ដែលមានអាយុក្រោម៦ឆ្នាំ ដែលក្នុងនោះមានក្មេងស្រីចំនួន១៥,៣០០នាក់ ។ កម្មវិធីនេះ ក៏ផ្តល់អត្ថប្រយោជន៍ដល់មនុស្សពេញវ័យជិត២៣,០០០នាក់ផងដែរ ដែលរួមមានដូចជាឪពុកម្តាយបុគ្គលិកមន្ទីរអប់រំខេត្ត និងគ្រូបង្រៀនព្រមទាំងបង្កើតតួនាទីសម្រាប់អ្នកនិពន្ធអ្នកគំនូរ ក៏ដូចជាអ្នកបោះពុម្ពផ្សាយសម្ភារសិក្សារបស់កុមារ ។ កម្មវិធីអំណានដំបូងត្រូវបានអនុវត្តការនៅតាមភូមិចំនួន៤២៥នៅខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តព្រៃវែង និងខេត្តក្រចេះ ។ វាគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗនៃគំនិតផ្តួចផ្តើមវិនិយោគសហគមន៍របស់មូលនិធិព្រូដិនស៍សម្រាប់ប្រទេសកម្ពុជាដោយផ្តោតលើការអប់រំសុខភាព និងសុវត្ថិភាព៕ វឌ្ឍនា


ចែករំលែក៖