ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៦នាក់ ព្រមទាំងកាំភ្លើងខ្លីមួយដើម ត្រូវនគរបាលឆ្មក់បង្ក្រាប ករណីប្លន់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ នៅចំណុច៣ទីតាំងផ្សេងគ្នាពាក់ពន្ធ័ករណីលួចទ្រព្យសម្បត្តិបានសម្រេច, លួចទ្រព្យសម្បត្តិមិនបានសម្រេច និងជិះម៉ូតូដេញធ្លាក់ប្លន់ម៉ូតូពីប្រជាពលរដ្ឋ ។

នគរបាលព្រហ្មខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ​រួមមាន៣ករណីផ្សេងគ្នាមានដូចជា ៖ ករណីទី១ . លួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូដេញធាក់ប្លន់ម៉ូតូ) កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ផ្លូវបេតុងព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់បានជនសង្ស័យចំនួន២នាក់៖ ទី១ឈ្មោះ ម៉ាក់ ឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី០២ឈ្មោះ ជា សេងដា ហៅវឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃាត់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-9350 ចំនួន០១គ្រឿង, ទូរសព្ទម៉ាក LG ពណ៌សចំនួន០១គ្រឿង, ,វិទ្យុទាក់ទង(អាយឌី)ចំនួន០១គ្រឿង, នាឡិកាដៃម៉ាកសាប់ភីរីចំនួន១, អាវុធខ្លីម៉ាក K59 លុបលេខចំនួន០១ដើម, គ្រាប់កាំភ្លើងខ្លីចំនួន០២គ្រាប់ ។ ចំណែកជនរងគ្រោះឈ្មោះ ពុំ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-3353 ។

ករណីទី២ លួច(លួចទ្រព្យមិនបានសម្រេច) កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ៣៩៧ ផ្លូវបេតុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផាត រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់បាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដកហូតបានម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1AA-3708 ចំនួន១គ្រឿង, ទុរវីសចំនួន០៣ , ពិលតូចចំនួន០១ និងមេដែកឆក់ចំនួន០១ ។

ករណីទី៣ បង្រ្កាបជាក់ស្ដែងករណីប៉ុនប៉ងប្រព្រឹត្តអំពើលួច (យកទ្រព្យសម្បត្ដិ) កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២ ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវព្រៃស ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ជនសង្ស័យចំនួន៣នាក់៖ ទី១ឈ្មោះ ផល វាសនា ហៅត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល , ទី២ឈ្មោះ យូ ផាន់នាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល , ទី៣ឈ្មោះ ម៉ាត់ តាំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដកហូតបាន ដែកជ្រុងចុងសំប៉ែតស្រួចចំនួន១ , សោដោះម៉ូតូមួយកំប្លេរ , ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1I-3290 ចំនួន០១គ្រឿង, ម៉ូតូម៉ាកស៊ីរុស ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q-2612 ចំនួន០១គ្រឿង, ទូរសព្ទដៃចំនួន៣ ទី១ម៉ាកDtac ពណ៌ទឹកមាសចំនួន ០១គ្រឿង,ទី២ម៉ាក MGT ពណ៌ខ្មៅ ចំនួន ០១គ្រឿង, ទី៣ម៉ាក ខែមហ្វូន ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចសាកសួរបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ ភារ៉ា ដង្កោ


ចែករំលែក៖