ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជី បន្តអាហារូបករណ៍ចែករំលែកក្ដីសុបិនឆ្នាំទី ៥ ដល់សិស្សវិទ្យាល័យ ២៥០ នាក់

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨នេះ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន នៅថ្ងៃនេះ បានប្រកាសបន្តកម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ដែលមានអនុវត្តនៅទូទាំងតំបន់អាស៊ាន ដោយបានផ្ដល់អាហារូបរណ៍ដល់សិស្សឆ្នើមនៅវិទ្យាល័យចំនួន ២៥០ នាក់បន្ថែមទៀត និងអាហារូបករណ៍ចំនួន ១០ សម្រាប់និស្សិតសកលវិទ្យាល័យ ដែលធ្លាប់ទទួលបានអាហារូបករណ៍នេះកន្លងមកពីមុនដែរ។

កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ដែលជាកម្មវិធីទំនួលខុសត្រូវសង្គមរបស់អេសស៊ីជីនេះ គឺតំណាងឲ្យសេចក្តីប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់ឱកាសអប់រំកាន់តែប្រសើរដល់សិស្ស-និស្សិត ដែលមានបំណងប្រាថ្នាមោះមុតក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ហើយចេះយកចិត្តទុកដាក់ចំពោះសហគមន៍របស់ខ្លួន បង្ហាញការដឹងគុណចំពោះឪពុកម្ដាយ និងត្រូវការការទំនុកបម្រុងផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សារបស់ខ្លួន។

លោក ប៉ារ៉ាម៉េត និសាកនសិន (Paramate Nisagornsen) អនុប្រធានក្រុមហ៊ុនអេសស៊ីជី ទទួលបន្ទុកអាជីវកម្មក្នុងតំបន់ សម្រាប់អាជីវកម្មស៊ីម៉ង់ត៍-សម្ភារសំណង់របស់អេសស៊ីជី បានថ្លែងទៅកាន់ភ្ញៀវដែលបានចូលរួមនៅក្នុងពិធីប្រគល់អាហារូបករណ៍នៅឯ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញថា ក្រុមហ៊ុនអេសស៊ីជី មានសេចក្តីប្ដេជ្ញាចិត្តក្នុងការជួយដល់សិស្ស-និស្សិតកម្ពុជា ដែលមានអត្តចរិតល្អ និងមានការតាំងចិត្តក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

លោក ប៉ារ៉ាម៉េត និសាកនសិន បានមានប្រសាសន៍ថា៖ “កម្មវិធី អេសស៊ីជីចែករំលែកក្ដីសុបិន ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងចេញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលរំពឹងចង់ជួយផ្ដល់អនាគតត្រចះត្រចង់ដល់ប្រទេសកម្ពុជា ។ កម្មវិធីអាហារូបករណ៍នេះ បានផ្ដល់ទៅឲ្យសិស្សកម្ពុជាអស់រយៈពេលប្រាំឆ្នាំមកហើយចាប់តាំងពីឆ្នាំ ២០១៤ មក។ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីនេះ សិស្ស-និស្សិតនឹងមានលទ្ធភាពសម្រេចបាននូវក្ដីសុបិនរបស់ខ្លួន ហើយពួកគេនឹងអាចប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ប្រទេស”។

លោក ប៉ារ៉ាម៉េត បានបន្ថែមទៀតថា៖ “ក្នុងរយៈពេលជាច្រើនឆ្នាំមក យើងបានផ្ដល់អាហារូបករណ៍ជាង ១០០០ ទៅហើយសម្រាប់សិស្សវិទ្យាល័យនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពត។ ដើម្បីជួយគាំទ្របន្ថែមដល់ប្រទេសកម្ពុជា អេសស៊ីជី បានពង្រីកវិសាលភាពកម្មវិធីរបស់ខ្លួនតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតសកលវិទ្យាល័យចំនួន ១០ រូប ដែលធ្លាប់ជាសិស្សទទួលអាហារូបករណ៍កម្មវិធី អេសស៊ីជី ចែករំលែកក្ដីសុបិន នេះដែរ ហើយដែលបច្ចុប្បន្នកំពុងសិក្សាតាមមុខវិជ្ជាជំនាញផ្សេងៗ។ អាហារូបករណ៍នឹងត្រូវផ្ដល់ទៅឲ្យនិស្សិតទាំងនោះរហូតដល់ពួកគេបញ្ចប់ការសិក្សា”។

ពិធីប្រគល់អាហារូបករណ៍បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ផាន់យ៉ារ៉ាក់ ភូនសាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា។

លោក ផាន់យ៉ារ៉ាក់ ភូនសាប់ បានមានប្រសាសន៍ថា៖ “ខ្ញុំមានពាក្យផ្ដាំផ្ញើមួយចំនួនដល់សិស្សានុសិស្សនៅពេលនេះ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិននេះ អ្នកទាំងអស់គ្នានឹងអាចសម្រេចនូវក្ដីសុបិនរបស់ខ្លួន និងអភិវឌ្ឍជំនាញ និងចំណេះដឹងឲ្យបានប្រសើរបំផុត។ នេះមិនមែនត្រឹមតែសម្រាប់ខ្លួនអ្នក ឬក្រុមគ្រួសាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើម្បីអនាគតនៃប្រទេសជាទីស្រលាញ់របស់អ្នកផងដែរ”។

កញ្ញា ឈាវ ខេង ជាជ័យលាភី អាហារូបករណ៍ អេសស៊ីជី ឆ្នាំ ២០១៨ ហើយជាក្មេងកំព្រាម្ដាយ ដែលបានស្លាប់ដោយជំងឺមហារីក ហើយបច្ចុប្បន្នស្នាក់នៅក្នុងមណ្ឌលរបស់អង្គការ។ កញ្ញាបានថ្លែងថា៖ “ជាមួយនឹងអាហារូបករណ៍នេះ បានធ្វើឲ្យខ្ញុំប្ដេជ្ញាចិត្តចំពោះខ្លួនឯង និងម៉ាក់របស់ខ្ញុំថា ទោះជាមានរឿងអ្វី ឬក៏ទុក្ខលំបាកយ៉ាងណាក៏ខ្ញុំត្រូវតែសម្រេចនូវក្ដីសុបិនមួយនេះឲ្យទាន់តែបានក្នុងការក្លាយជាវេជ្ជបណ្ឌិតមួយរូប”។

ក្រៅពីកម្មវិធីអាហារូបករណ៍អេសស៊ីជី ចែករំលែកក្ដីសុបិន ក្រុមហ៊ុនអេសស៊ីជី ក៏អនុវត្តសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនផ្សេងទៀតផងដែរ ដូចជា កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ និងកម្មវិធីហ្វឹកហាត់បាល់ទាត់ ដែលទាំងអស់នេះសុទ្ធតែជាការឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអេសស៊ីជី ដែលមានបំណងចង់ផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ និងលើកកម្ពស់គុណភាពជីវិតរស់នៅក្នុងប្រទេសកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖