ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋភូមិព្រែកថ្លឹងលក់ដីរួមតែមិនបានលុយ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទុះការតវ៉ាជាថ្មីម្ដងទៀតនៅ វត្ដគោកអំពិល ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ពីព្រោះអ្នកភូមិបានមូលមតិគ្នាផ្ដិតមេដៃលក់ដីរួម មួយ កន្លែងនៅក្នុងភូមិឲ្យទៅក្រុមហ៊ុនមួយដែល មិនស្គាល់ឈ្មោះ ដោយបានចែកលុយ ប្រជាពលរដ្ឋក្នុងមួយគ្រួសារ១ពាន់ដុល្លារ លុះដល់ពេលមេក្រុមចែកលុយមានអ្នកខ្លះបានហើយ អ្នកខ្លះទៀតមិនបានធ្វើឲ្យអ្នកដែលមិនបានទទួលលុយនោះមានការខឹងសម្បាទៅនឹងមេក្រុមក៏ផ្ទុះការតវ៉ាប្រកែក ដំឡើងសរសៃកដាក់គ្នារហូតមេក្រុមដែលចុះចែកលុយរត់បាតជើងសព្រាតឡើងជិះ រថយន្តចេញទៅបាត់ ។

ប្រជាពលរដ្ឋដែលជាអ្នកភូមិព្រែកថ្លឹងបានរៀបរាប់ឲ្យដឹងថា នៅយប់ ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង៨យប់ មានតំណាងឈ្មួញ៧នាក់បានដើរប្រាប់អ្នកភូមិថានៅព្រឹកស្អែកនេះលោកជំទាវជំនាញខាង ដើរទិញដីរួមនិងធ្វើសម្បទានក្នុងមួយគ្រួសារ ត្រូវទទួលបានលុយចំនួន១០០០ ដុល្លារ សូមនាំគ្នាទៅទទួលយកនៅវត្តគោកអំពិល តែខាងតំណាងមិនបានប្រាប់ឈ្មោះលោកជំទាវនោះទេ ហើយក៏មិនដឹងថាលុយនេះលោកជំទាវផ្តល់ជូនដើម្បីអ្វីនោះឡើយ។

ពលរដ្ឋចំនួន៤០២គ្រួសារដាក់ការ សង្ស័យថា លុយដែលចែកជូនប្រជាពល រដ្ឋក្នុងមួយគ្រួសារចំនួន១.០០០ដុល្លារនោះគឺ អាជ្ញាធរខណ្ឌដង្កោ ឃុបឃិតគ្នាលក់ដីភូមិរួមមិនដែលនៅសុខៗមានលោក ជំទាវចិត្តធម៌ណាសុខចិត្តយកលុយរាប់ សិបម៉ឺនដុល្លារមកចែកទទេៗនោះទេ ។

ទាក់ទិននិងការចែកលុយក្នុងមួយគ្រួសារ១.០០០ដុល្លារខាងលើនេះលោកចៅសង្កាត់រងជើងឯក បានចុះទៅដល់ទីតាំងលោកជំទាវដែលជំនាញខាងដើរទិញដីរួម របស់ពលរដ្ឋនោះដែរពេលអ្នកយក ព័ត៌មានសួរលោកឆ្លើយថាអត់ដឹងអីទេហើយលោកក៏បានឡើងជិះរថយន្តចេញបាត់ ទៅ ៕ ហេង នរិន្ទ្រ


ចែករំលែក៖