ខេត្តឧត្តរមានជ័យ ៖ ទីតាំងស្ដុកឈើ និងឈូសឈើខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ មិនត្រូវបានអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់ និងបង្ក្រាបនោះឡើយ ដែលគេសង្ស័យថា ម្ចាស់ឈើនោះ បានបង់លុយប្រចាំខែឲ្យសមត្ថកិច្ច ។
ប្រជាពលរដ្ឋនៅ នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទជាច្រើនរូប បានឲ្យដឹងថា ឈើទាំងអស់នោះ ម្ចាស់ឈ្មោះ ហេង ណូ និង ម៉េង ហេង បានដឹកចេញពីឃុំមរកត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ យកទៅលាក់ទុកទីនោះ សម្រាប់ឈូសធ្វើជាតុជារៀងរាល់ថ្ងៃ ប៉ុន្ដែមិនត្រូវបានសមត្ថកិច្ចបង្ក្រាប ឬ ទប់ស្កាត់ឡើយ ដោយសារម្ចាស់ឈើពីររូបនេះ បង់ឲ្យសមត្ថកិច្ច មានមេព្រៃ និងប៉េអិមជារៀងរាល់ខែ ។
ពលរដ្ឋ បានឲ្យដឹងទៀតថា ឈើទាំងនោះ ជាប្រភេទឈើលេខ១ ដែលមានមុខកាត់ទំហំជាងមួយម៉ែត្រទៅ២ម៉ែត្រ ជាច្រើនដុំ ដោយយកមកលួចលាក់ទុកធ្វើតុ លក់នៅតាមខេត្ដបន្ទាយមានជ័យ សៀមរាប និងឧត្ដរមានជ័យជាដើម ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ឈ្មោះ ហេង និងឈ្មោះ ណូ ជាឈ្មួញឈើដុះស្លែ ដោយជ្រកក្រោមរូបភាព អ្នកលក់គ្រឿងសង្ហារិម នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ។
បច្ចុប្បន្ន បទល្មើសព្រៃឈើ នៅស្រុកត្រពាំងប្រាសាទ បានកម្រើកឡើងយ៉ាងអនាធិបតេយ្យ ពុំមានសមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់ ឬបង្ក្រាបនោះឡើយ ពិសេស សមត្ថកិច្ចរដ្ឋបាលព្រៃឈើលោក ជៀស សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ។
ករណីនេះ លោក ជៀស សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា លោកគ្មានលទ្ធភាពបង្ក្រាបនោះទេ បើគ្មានបញ្ជាពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដឧត្ដរមានជ័យ ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី លោក សំ ដារារិទ្ធិ អភិបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា លោក នឹងចាត់វិធានការទៅលើករណីនេះ ក្នុងនាមលោក ជាគណៈបញ្ជាការឯកភាពស្រុក បើសិនរដ្ឋបាលព្រៃឈើមិនទប់ស្កាត់ ឬមិនបង្ក្រាប ។ លោក បានបន្ដថា លោក នឹងបញ្ជាឲ្យរដ្ឋបាលព្រៃឈើបង្ក្រាប ប៉ុន្ដែមកដល់ថ្ងៃនេះ មិនទាន់មានអាជ្ញាធរ ឬ សមត្ថកិច្ចណាទប់ស្កាត់ទៅលើឈ្មួញឈើពីររូបនេះនៅឡើយទេ ។
សូមបញ្ជាក់ថា កន្លងមក សម្តេចក្រឡា ហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យសមត្ថកិច្ចប្រដាប់អាវុធជួយទប់ស្កាត់បទល្មើសព្រៃឈើ ដែលកន្លងមក ជំនាញរដ្ឋបាលព្រៃឈើ ច្រើនតែអសកម្មក្នុងការងារបង្ក្រាបបទល្មើសនេះ ។ ទោះបី មានបញ្ហាយ៉ាងណា ក៏សកម្មភាពបទល្មើសព្រៃឈើនៅព្រំប្រទល់ខេត្ដឧត្ដរមានជ័យ និងខេត្ដព្រះវិហារ រឹតតែកើនឡើងប្រឆាំងបទបញ្ជាសម្តេចក្រឡា ហោម ។
ប្រភពមួយចំនួនទៀត បានបន្តថា នៅក្នុងសកម្មភាព នៃការប្រព្រឹត្តបទល្មើសព្រៃឈើនេះ កើតចេញពីព្រៃព្រះរកា ខេត្ដព្រះវិហារ ដែលឈ្មោះ ហេង និងឈ្មោះ ណូ ជាអ្នកដើរប្រមូលទិញឈើខុសច្បាប់ ពីប្រជាពលរដ្ឋ ចូលទៅកាប់ក្នុងដែនព្រៃអភិរក្ស ដែលរក្សាការពារ ដោយរដ្ឋ ។ ប្រជាពលរដ្ឋ បានអំពាវនាវ ឲ្យជំនាញពាក់ព័ន្ធ ជួយចាត់វិធានការជាបន្ទាន់ ដើម្បីការពារ ទប់ស្កាត់សកម្មភាព កាប់ឈើនៅក្នុងព្រៃព្រះរកា យកទៅជួញដូរ ខុសច្បាប់ដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ ៕ ប៉ែន នួន