ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវ ក៏ខ្យល់គរដួលដាច់ផ្ងារស្លាប់ភ្លាមៗ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជនសួគ៌ា

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែខ្យល់គរដួលស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើត្រូវបានគេស្គាល់ឈ្មោះ សន សុផល អាយុប្រហែល៥០ឆ្នាំ តែពុំស្គាល់ទីកន្លែងរស់នៅ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកVIVAពណ៍ខ្មៅមួយគ្រឿងសេរីឆ្នាំ២០០៧ពាក់ស្លាកលេខ កំពង់ចាម1A-2373 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុនៅក្បែរស្តុបស្ពានដែក ស្រាប់តែឃើញបុរសវយ័ចំណាស់ខាងលើដួលធ្លាក់ពីលើម៉ូតូសន្លប់បាត់ស្មារតីត្រូវបានសមត្ថកិច្ចចរាចរណ៍រួមនឹងបងប្អូនដែលធ្វើដំណើរនៅទីនោះ នាំគ្នាជួយធ្វើចលនាបឋម និងបញ្ជូនតាមរថយន្តសាមុយដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនសួគ៌ាដែលនៅក្បែរ និងកន្លែងកើតហេតុ តែជាអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សពបុរសរងគ្រោះខាងលើកំពុងតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យឯកជនខាងលើ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ យកទៅរក្សាទុកប្រគល់ឲ្យសាច់ញាតិវិញ៕ ភារ៉ា ដង្កោ


ចែករំលែក៖