ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល ខេត្តស្វាយរៀបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនផ្ទុះអាវុធ៣គ្រាប់ ឃាត់ខ្លួនប្រុស ស្រី៧នាក់ នៅ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល ក្រុងបាវិត និងនគរបាលជំនាញ ខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនផ្ទុះអាវុធ៣គ្រាប់ ឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី៧នាក់ និងដកហូតបានថ្នាំញៀនបានមួយចំនួនធំ ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីព្រលប់ ដល់ម៉ោង១១និង៤៥នាទីយប់ ស្ថិតក្នុង ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ខេត្តស្វាយរៀងបានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋានគរបាល ក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំបទល្មើសគ្រឿងញៀនដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានមួយករណី និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៧នាក់រួមមាន:

១- ឈ្មោះ ង្វៀង យ៉ឹងឡាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅភូមិធឹងតី ឃុំឡើយធឹង ស្រុកបេនកូវ ខេត្តតៃនិញ ។

២- ឈ្មោះ ហ៊ឹង ត្រឹងយ៉ុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិប៊ិនវ៉ា ឃុំប៊ិនថាន់ ស្រុកត្រាងបាង ខេត្តតៃនិញ ។

៣- ឈ្មោះ ឡេ ធីអាន់ទៀក ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅតីខាន់៥ សង្កាត់មីវ៉ា ក្រុងឡុងសៀង ខេត្តអាងយ៉ាង ។

៤- ឈ្មោះ យ៉ កុងថាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិឡុងធិន ឃុំឡុងថាន់ ស្រុកបេនកូវ ខេត្តតៃនិញ ។

៥- ឈ្មោះ យ៉ យ៉ាំងអៀង ភេទប្រុ អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិឡុងធិន ឃុំឡុងថាន់ ស្រុកបេនកូវ ខេត្តតៃនញ ។

៦- ឈ្មោះ យ៉ធីទុកលិន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ សង្កាត់ហុឹងថាន់ ខេត្តដុងថាប ។ និង

៧- ឈ្មោះ ដាំងវ៉ាន់ថាំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិចាន់ ឃុំអាន់ថាន់ ស្រុកបេនកូវ ខេត្តតៃនិញ ។

ប្រភពបន្តថា ក្នុងពេលចុះប្រតិបត្ត្តិការបង្ក្រាបចុងក្រោយមុខសញ្ញាដែលជាមេខ្លោងជួញដូរ និងចែកចាយគ្រឿងញៀន ឈ្មោះ ដាំង វ៉ាន់ថាំ បានជិះម៉ូតូគេចខ្លួន ខណៈសមត្ថកិច្ចបានដេញតាមប្រមាញ់ ហើយក៏សម្រេចចិត្តផ្ទុះអាវុធចំនួន៣គ្រាប់ ទើបឃាត់ខ្លួនជនសង្ស័យបានផងដែរ ។

ប្រភពបន្តថា សមត្ថកិច្ចក៏បានដកហូតសម្ភារ វត្ថុតាងរួមមាន: ម្សៅក្រាមព៌ណសថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីនអាយ ចំនួន១១កញ្ចប់ (ធំ០២កញ្ចប់ តូច០៩កញ្ចប់) ទូរស័ព្ទដៃចំនួន០៥គ្រឿង ម៉ូតូចំនួន០២គ្រឿង ជញ្ជីងថ្លឹងគ្រឿញៀនចំនួន០១គ្រឿង និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

ក្រោយមក សមត្ថកិច្ចបានធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើជនសង្ស័យជាលទ្ធផលមានផ្ទុកសារធាតុញៀនទាំង៧នាក់ ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញ ខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖