ភ្នំពេញ៖ កីឡាករ វ៉ាន់ វឿន និង អេ រដ្ឋា បានប្រកួតឈ្នះកៅអី កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើសង្វៀនប្រដាល់ប៉ុស្តិ៍លេខ៥ ដែលជាការប្រកួតវគ្គជម្រុះទី១ ជុំទី២ ប្រភេទទម្ងន់៥៧គីឡូក្រាម ដើម្បីដណ្តើមពានរង្វាន់ ៤ពាន់ដុល្លារ ក្លាយជាជើងឯក នៃខ្សែក្រវាត់កំពូលជើងឯក TV5 ។
អេ រដ្ឋា មកពីក្លិប អេភូថងកីឡា ប្រកួត៣ទឹក ត្រូវចៅក្រម៥រូប សម្រេចសេចក្តីឲ្យឈ្នះពិន្ទុលើកីឡាករ ង៉ែត វុធ មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ។ ង៉ែត វុធ ទម្ងន់៥៧គីឡូក្រាមដូចគ្នា បានភ្លាត់ស្នៀតមួយពេល ក៏ត្រូវគូប្រកួតដាក់មួយខ្នាយចំចុងភ្នែកខាងឆ្វេង បណ្តាលឲ្យហូរឈាមកក្លាក្ស ។
រីឯ វ៉ាន់ វឿន ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម នៅម៉ាឡេស៊ី មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ វិញ ក៏មិនធម្មតាដែរ ក្បាច់គុនរបស់គេពេញខ្លួន ធ្វើឲ្យដៃគូនៅលើសង្វៀន គឺ ភួន ពិសិដ្ឋ មកពីក្លិបរាជសីហ៍ ខេត្តរតនគិរី មិនអាចតស៊ូបាន ក៏ដួលសន្លប់ស្តូកស្តឹងភ្លាមៗ ត្រូវអាជ្ញាកណ្តាលរាប់ដល់ដប់ហើយ នៅតែមិនអាចក្រោកឡើង ដើម្បីបន្តការប្រកួតទៀតបាន ក៏ចុះចាញ់ វ៉ាន់ វឿន នៅក្នុងទឹកទី១នោះតែម្តងទៅ ។
ដោយឡែក សម្រាប់គូពិសេស ចេង គា ទម្ងន់៦៣.៥គីឡូក្រាម មកពីក្លិប វិបុលដារិទ្ធិ ខណ្ឌពោធិសែនជ័យ ប្រកួតរយៈពេល៥ទឹក នៅលើសង្វៀន បានយកឈ្នះដោយពិន្ទុទៅលើកីឡាករ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ គូពិសេសចុងក្រោយ ជាគូសងសឹកគ្នាផងដែរនោះ គឺ កីឡាករ សាន សំអុន ប្រភេទទម្ងន់៥៧គីឡូក្រាម មកពីក្លិបអារុណរះកីឡា ដែលប្រកួតលើកមុន ធ្លាប់តែស្មើពិន្ទុជាមួយកីឡាករ លាង ភារម្យ មកពីក្លិប ម៉ៃទីក្រាំងយ៉ូវ ពេលនេះ គេបានសម្រេចបំណងប្រាថ្នាហើយ គឺចៅក្រមទាំង៥រូប សម្រេចដាក់ពិន្ទុទាំងប្រាំទឹក ឲ្យគេឈ្នះកីឡាករ លាង ភារម្យដោយពិន្ទុ ។
ដោយឡែក គូអន្តរជាតិវិញ ប្រភេទទម្ងន់៧១គីឡូក្រាម ឯម ឡេងលី មកពីក្លិប ថ្មគោលខណ្ឌពោធិសែនជ័យ បានវាយឲ្យសន្លប់ក្នុងទឹកទី១ កីឡាករថៃ ឃុន ផែន ។ កីឡាករថៃ រូបនេះ មិនដឹងថា ភ្លាត់ស្នៀតយ៉ាងម៉េចនោះទេ បណ្តោយឲ្យ ឯម ឡេងលី ជង្គង់យក៍ៗ រហូតដល់សន្លប់បាត់ឈឹង ដេកស្តូកនៅលើរេញក្រោមក្រសែភ្នែកអ្នកទស្សនាយ៉ាងច្រើនសន្ធឹក ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ជាប្រធានគណៈកម្មការរៀបចំការប្រកួតនោះ បានសម្រិតសម្រាំងកីឡាករជើងខ្លាំង៣២រូប ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ឲ្យចូលខ្លួនមកប្រកួតនៅលើសង្វៀង ស្ទូឌីយូ ប៉ុស្តិ៍លេខ៥ ភូមិព្រែកថ្លឹង ដើម្បីដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series K-Cement ដូចដែលធ្លាប់កើតមានដូចឹ្នងដែរ ក្នុង៣រដូវកាលមុនៗ ។ នេះគឺជាការប្រកួតរដូវកាលទី៤ ដែលចាប់ផ្តើមបើកឆាកវគ្គជម្រុះទី១ ជុំទី១ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដែលកាលណោះ ឆាយ មាស របស់ក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ឈ្នះ ងួន គា មកពីក្លិប តាលីដំរីមានរិទ្ធ ហើយបឺត សង្ឃឹម មកពីក្លិប រ៉ាហាប់ស្វាយប៉ាក ឈ្នះកៅអីកីឡាករ សយ សី មកពីក្លិបវិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ ។ លុះចូលមកដល់វគ្គជម្រុះទី១ ជុំទី២ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្រាប់គូពានរង្វាន់ កីឡាករ វ៉ាន់ វឿន និងកីឡាករ អេ រដ្ឋា គឺជាអ្នកដណ្តើមបានកៅអីហើយ ៕ ស តារា