ព័ត៌មានទាន់ហេតុការណ៍៖

មេតុងតីននៅច្បារអំពៅ បោកលុយជាង៣លានដុល្លាររត់បាត់ពីផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ កក្រើក​នៅខណ្ឌច្បារអំពៅ និងពាសពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​តែម្តងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ខណៈដែលស្ត្រីម្នាក់ជាមេតុងតីន បោកប្រាស់លុយកូនតុងតីន រហូតដល់ជាង៣លានដុល្លារហើយ រត់គេចខ្លួនបាត់ពីផ្ទះតែម្តង ។

ប្រភពរាយការណ៍ថា កូនតុងតីន មានទាំងរាស្ត្រតូចតាច ជាអាជីវករ ជាមន្ត្រី នាំគ្នាស្រែកទ្រហ៊ោយំ អំពាវនាវរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ហើយជាពិសេសថែមទៀតនោះ ជនដែលត្រូវចាញ់បោកមេតុងតីនម្នាក់នេះដែរនោះ  ត្រូវគេដឹងថា មានរួមបញ្ចូលទាំងអតីត​ចៅហ្វាយក្រុង និងលោកឧកញ៉ាផងដែរ ។

ប្រភពរាយការណ៍បឋមថា មេតុងតីនជើងឆើតរូបនេះ​បានប្រមូលលុយជាង៣លានដុល្លារ​ ហើយនាំកូនៗរបស់ខ្លួន​រត់បាត់ចេញពីផ្ទះ​កាលពី៣ទៅ៤ថ្ងៃមុនមកម្ល៉េះ ហើយទើបតែភ្ញាក់ផ្អើល​ បែកខ្ចាយដំណឹងនេះដល់កូនៗតុងតីនថ្ងៃនេះប៉ុណ្ណោះ ។

អាជ្ញាធរ​មានសមត្ថកិច្ច​ខណ្ឌច្បារអំពៅ នាពេលនេះ​បាននិងកំពុងពិនិត្យ និងស៊ើបសួរពាក់ព័ន្ធករណីនេះ ហើយអាចឈានដល់ឃាត់ខ្លួនជនសង្ស័យឆបោកជាមេតុងតីន នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕


ចែករំលែក៖