ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ស្យង់ ដេវិត ឡឺវិត (Jean David Levitte) ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ។
ជំនួបនេះ ក្នុងឱកាសដែលលោក Jean David Levitte ត្រូវបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក នាសណ្ឋាគារសូហ្វីតែល ហើយវាជាកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ។
ក្នុងជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម Jean David Levitte សារជាថ្មីទៀតបន្ទាប់ពីជំនួបកាលពីពេលមុនកាលពីអំឡុងខែតុលា ឆ្នាំ២០១១ ដែលពេលនោះដែលសម្ដេចតេជោ និងលោកបានឯកភាពគ្នាក្នុងការសហការរៀបចំឱ្យមានសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ លោកដែលបានជ្រើសរើសកម្ពុជាធ្វើជាទីតាំងសម្រាប់ការធ្វើសន្និសីទប្រចាំតំបន់នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថាតាមរយៈសន្និសីទតំបន់នេះគឺមានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសក្នុងតំបន់មេគង្គ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងចិនផងដែរ ព្រមទាំងមានអង្គការអន្តរជាតិជាង២០ផ្សេងៗទៀតដែលបានចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយដែលធ្វើឡើងនៅថ្ងៃស្អែកនេះ។
លោក Jean David Levitte ពិតជារីករាយដែលបានជួបសម្ដេចតេជោ សារជាថ្មី ហើយបានរំលឹកពីអនុស្សាវរីយ៍ដែលលោកបានចូលរួមក្នុងការចរចារស្វែងរកសន្តិភាពនៅប្រទេសបារាំងដែលក្នុងនោះបារាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។
លោកបន្តថា ពេលដែលលោកបានចុះពីព្រលានយន្តហោះមក គឺមានការរំភើបដែលឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។
លោក Jean David Levitte មានជំនឿជឿទុកចិត្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងគំនិតផ្ដួចផ្ដើមក្នុងការបង្កើតឲ្យមានសន្និសីទតំបន់នេះឡើងពិតជាមានសារ:សំខាន់សំរាប់សុខភាពប្រជាជន ពីព្រោះឱសថក្លែងក្លាយនេះ វាប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើន ជាពិសេសប្រជាជននៅតាមទីជនបទដែលប្រើប្រាស់ឱសថក្លែងក្លាយនោះ។
លោកក៏បានជម្រាបថាគណៈកម្មការរៀបចំ និងក្រុមការងារបានត្រួតពិនិត្យពិចារណាទៅលើសេចក្តីប្រកាសពីក្រុងភ្នំពេញ និងការអនុវត្តទៅមុខទៀត តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បង្ការការពារប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនេះឱ្យមានប្រសិទ្ធភាព?។
លោកក៏បានបង្ហាញថា បន្ទាប់ពីសន្និសីទនេះទៅ នឹងត្រូវរៀបចំឱ្យមានសន្និសីទតំបន់ ហើយមិនត្រឹមតែតំបន់មេគង្គទេគឺអាចតំបន់អាស៊ានទាំងមូលផងដែរ នៅក្នុងការទប់ស្កាត់ឱសថក្លែងក្លាយនេះ។ លោកក៏បានអបអរសាទរផងដែរចំពោះកម្ពុជាដែលទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាកម្ពុជាមានកិត្តិយសណាស់ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រចាំតំបន់ ដោយសម្ដេចបានមានប្រសាសន៍ថា ឱសថក្លែងក្លាយគឺជាឃាតករលាក់មុខមួយដែលប្រជាពលរដ្ឋមួយចំនួនមិនបានដឹង ហើយកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍទាំងអស់តែងតែជួបប្រទះនូវបញ្ហានេះទាំងអស់ ហើយសម្តេចសង្ឃឹមថា តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលនឹងចេញបន្ទាប់ពីសន្និសីទនៅថ្ងៃស្អែកនេះ នឹងមានការចាប់អារម្មណ៍ពីបណ្ដាប្រទេសផ្សេងៗទៀត។
សម្តេចតេជោក៏បានឯកភាពក្នុងការពង្រីកវិសាលភាពនៃសន្និសីទតំបន់នេះដើម្បីឲ្យប្រទេសដទៃទៀតបានយល់ដឹង និងសុំអោយប្រទេសធំៗខ្លះអាចជួយគាំទ្រឲ្យដំណើរការក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះកាន់តែមានប្រសិទ្ធិភាពតទៅមុខទៀតផងដែរ ៕ ចេស្តា