ខេត្តស្ទឹងត្រែង៖ ស្ពានឆ្លងអូរនៅ ឃុំអូរស្វាយចំនួន២ ដែលមានអាយុកាលប្រមាណជិត២០ឆ្នាំហើយនោះ បានរងការទ្រុឌទ្រោមយ៉ាងខ្លាំង ហើយនៅចុងឆ្នាំ២០១៨នេះ នឹងចាប់ផ្តើមធ្វើថ្មីឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងងាយស្រួលដឹកកសិផលផ្សេងៗ ។ ក្នុងឃុំអូរស្វាយទាំងមូល បច្ចុប្បន្នស្ពានទាំងពីរខ្សែនេះ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចពេលឆ្លងកាត់ម្តងៗ ព្រោះកន្លងមកធ្លាប់មានប្រជាពលរដ្ឋធ្លាក់ រងគ្រោះជាច្រើនអ្នកតែមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ ។
លោក សេង ម៉ៅ មេឃុំអូរស្វាយ ហើយជាក្រុមប្រឹក្សាឃុំផងដែរនោះ លោកបានផ្តល់បទសម្ភាសន៍នៅថ្ងៃទី៤ ខែវិច្ឆិកា នេះថា ស្ពានយោលទាំងពីរខ្សែនេះ រងការទ្រុឌទ្រោមណាស់ហើយ ទីមួយ គឺនៅចំណុច អូរខាន់លឿង (ហៅអូរក្តុល) តភ្ជាប់ពីរភូមិអូរស្វាយ ទៅភូមិអូររុណ ត្រូវធ្វើអំពីឈើ ក្បាលស្ពានចាក់បេតុង រួម នឹងគ្រឹះ មានប្រវែងជា៤៥ម៉ែត្រ ទទឹង៤ម៉ែត្រ ចំណាយថវិកាចំនួន៧៤លានរៀល ជាថវិកាមូលនិធិឃុំ ។ ទី២ នៅចំណុចស្ពានអូរស្វាយ មានប្រវែងបណ្តោយ៦០ម៉ែត្រ និងទទឹង៤ម៉ែត្រ ធ្វើអំពីដែកហៅថា (ស្ពានម៉ាឡេ) ជាអំណោយរបស់ថ្នាក់ដឹកនាំខេត្ត ។
ជាមួយគ្នានោះដែរ លោកមេឃុំ ក៏ទទូចសុំអាជ្ញាធរឲ្យឆាប់ កសាងស្ពានទាំងនោះដែរ ដើម្បីងាយស្រួលឲ្យប្រពលរដ្ឋធ្វើដំណើរ ព្រោះកាលពីពេលកន្លងមក ដោយសារតែស្ពាននោះ មានការទ្រុឌទ្រោម ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ធ្លាក់ពីស្ពានបណ្តាលឲ្យ រងរបួសពិការជើងមកដល់សព្វថ្ងៃ ប៉ុន្តែមិនមាននរណាម្នាក់ស្លាប់នោះទេ ។
លោកបញ្ជាក់ថា ក្នុងឃុំអូរស្វាយ មានភូមិចំនួន៥ ទី១.គឺភូមិកោះភ្នៅ ទី២.ភូមិអូររុណ ទី៣.ភូមិអូរសាយ ទី៤.ភូមិវ៉ើនសៀន ទី៥.ភូមិអូរស្វាយ មានប្រជាពលរដ្ឋ៩០៩គ្រួសារ ស្មើ៣៤២៦នាក់ ។
លោកមេឃុំ ក៏បានទទូចដល់អាជ្ញាធរខេត្តមេត្តា ជួយសម្រួលឲ្យបានឆាប់ៗក្រោយពេលទឹករីងអស់ កំពន្យារពេលយូរអី ព្រោះប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរណាស់ ពេលឆ្លងកាត់ម្តងៗ ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ព្រោះស្ពានយោលនោះ កាន់តែទ្រុឌទ្រោមកាន់តែខ្លាំងហើយ ៕ មាស សុផាត