ប៉ោយប៉ែត៖ ស្របពេលដែលវិស័យអចលនទ្រព្យហក់ឡើង គួរឲ្យកត់សម្គាល់ស្ទើរគ្រប់ខេត្ត ក្រុង ក្នុងនោះ ក្រុងប៉ោយប៉ែតតែម្តង វិស័យមួយនេះ ក៏ហក់ឡើងខ្លាំង មិនចាញ់បណ្តាខេត្ត ក្រុង ផ្សេងៗនោះដែរ ។
ជាការកត់សម្គាល់ ខណៈបុរីសំណង់ និងអគារធំៗ កំពុងកសាងព្រោងព្រាតហើយការពុះដីល្វែងលក់ ក៏កំពុងពេញនិយម បានធ្វើឲ្យតម្លៃដី ក៏ហក់ឡើងថ្លៃនឹកស្មានមិនដល់ឡើយ ។
ជាមួយគ្នានេះ សូម្បីតែរណ្តៅដីធំៗ ទំហំដល់រាប់ហិកតាហើយមានជម្រៅ ក៏ក្រុមឈ្មួញទិញចាក់លុបវិញដើម្បីសាងសង់អគារ ផ្ទះសំណាក់ ឬពុះជាដីល្វែងលក់។
កន្លងមក គេធ្លាប់តែឃើញអ្នកប៉ោយប៉ែតលក់ដី ឬឲ្យគេជីកស្រះ ព្រោះចង់បានប្រាក់ផង ចង់បានទឹកសម្រាប់ប្រើប្រាស់ផង តែបច្ចុប្បន្នដោយសារវិស័យអចលនទ្រព្យហក់ឡើង បែរជាស្រះដែលគេជីកយកអាចម៍ដីលក់ជាច្រើនកន្លែង ពេលនេះ គេទិញយកចាក់ដីលុបវិញ ស្ទើរជិតអស់ទៅហើយៗពេលនេះ ក្រុមហ៊ុនរថយន្តដឹកដីមិនអាចទិញដីជីកស្រះដឹកអាចម៍ដីលក់ ដូចពេលមុនៗទៀតឡើយ ពោលមានតែដឹកដីពីបាតអាងអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ដែលក្រុមហ៊ុនមួយកំពុងកាយស្តារអាងឲ្យជ្រៅ យកទឹកដើម្បីធ្វើទឹកស្អាត។
ការដឹកអាចម៍ដីនេះ បើទោះបី ត្រូវឆ្ងាយបន្តិចក្តី ហើយក្រុមហ៊ុនខ្លះត្រូវដឹកពីក្នុងស្រុកអូរជ្រៅ ព្រោះទីនោះ តម្លៃដីនៅសមល្មម ។ គេគិតថា អនាគតនៅក្រុងប៉ោយប៉ែត នឹងលែងមានស្រះធំៗសេសសល់ទៀតឡើយ ក្រៅពីស្រះតាមវត្តអារ៉ាម ឬស្រះស្ថិតក្នុងទីតាំងដីរដ្ឋហើយក៏មិនធ្វើឲ្យពលរដ្ឋតាមភូមិធុញទ្រាន់ ពីការហ៊ុយរំខានគគ្រឹកគគ្រេងដូចមុនៗទៀតដែរ លើកលែងតែអ្នកភូមិកូនដំរី នៅជិតទីតាំងដែលគេជីកអាចម៍ដី(អាងអូរខៃដន) ដឹកចេញតែប៉ុណ្ណោះ ។ យ៉ាងណា ការលក់ និងទិញស្រះជាកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួនរបស់ម្ចាស់ស្រះ និងអ្នកទិញ ព្រោះមិនមែនជាដីរដ្ឋឡើយ ។
ករណីខាងលើនេះដែរ លោកអភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ ក៏បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគ ឲ្យចូលមកវិនិយោគក្នុងក្រុងប៉ោយប៉ែត ព្រោះថា សណ្ឋាគារ ឬផ្ទះសំណាក់ ក៏កំពុងតែឈមទៅនឹងខ្វះខាតឲ្យភ្ញៀវជួលគេង ឬស្នាក់នៅផងដែរ ៕ វណ្ណា