ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីធ្វើការនាំគ្នាហែលទឹកទន្លេបង់សំណាញ់ ត្រូវទឹកកួចលិចបាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមគ្នា៣នាក់ ជាកម្មករសំណង់ចេញពីធ្វើការ បានបបួលគ្នាទៅបង់សំណាញ់យកត្រី ប៉ុន្តែមិនទាន់បានបង់ផង គ្រាន់តែហែលកាត់ទន្លេ ស្រាប់តែលង់ទឹកទន្លេបាត់ខ្លួនម្នាក់ រកសពមិនឃើញ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកោះពេជ្រ នៅចំណុចស្ពានហង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។

ជនរងគ្រោះដែលបាត់ខ្លួនមានឈ្មោះ ដួង សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រវាញ់ ខេត្តពោធិ៍សាត់ មុខរបរធ្វើជាងសំណង់ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសមានគ្នា៣នាក់ ម្នាក់ដែលបាត់ខ្លួនមានឈ្មោះ ដួង សំណាង ខាងលើ និង២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ធ្វើការនៅក្នុងមជ្ឃមណ្ឌលកោះពេជ្រ ជាកម្មករសំណង់ លុះពេលដល់ម៉ោងកើតហេតុខាងលើនេះ ពួកគាត់ទាំង៣នាក់បាននាំគ្នាមកចុះហែលទឹកទៅត្រើយខាងលើ ប៉ុន្តែជនរងគ្រោះដែលបាត់ខ្លួននោះ គាត់បានយកសំណាញ់បង់ត្រីមកចងនឹងចង្កេះគាត់ រួចហែលទឹកទៅ ប៉ុន្តែខណៈនោះស្រាប់តែ២នាក់គ្នាគាត់បានហែលដល់ច្រាំងហើយ នៅតែគាត់មិនដឹងថា ជាយ៉ាងម៉េច បានជាលើកដៃហើយស្រែកឲ្យគេជួយ ទើបគ្នាគាត់ស្ទុះទៅជួយ ប៉ុន្តែជាអកុសល ជនរងគ្រោះបានបាត់ខ្លួនរកមិនឃើញតែម្តង ។

តាមការសន្និដ្ឋានរបស់មិត្តភក្តិដែលមកជាមួយគ្នាបាននិយាយថា សង្ស័យសំណាញ់របូតពីចង្កេះមករុំជើងបណ្តាលឲ្យជនរងគ្រោះហែលទឹកមិនរួច ទើបបង្កឲ្យ លិចចូលក្នុងអាងទឹកទន្លបាត់ខ្លួនតែម្តង និងមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច និងប្រពន្ធរបស់ជនរងគ្រោះមកដល់កន្លែងកើតហេតុ ស្រែកទ្រហ៊ោយំទ្រហឹងអឹងកងពេញមាត់ទន្លេក្រោមស្ពានហង្ស ។

គេបានបញ្ជាក់ថា ជនរងគ្រោះដែលបាត់ខ្លួនក្នុងទឹកទន្លេមានកូនស្រីម្នាក់ អាយុប្រហែល៤ខួប ភ្លាមៗនោះដែរ ប្រពន្ធរបស់ជនរងគ្រោះគាត់បានជួលទូករបស់ជនជាតិខ្មែរអ៊ីស្លាមករុករកដែរ ប៉ុន្តែខាងទូកគេទាតម្លៃ800$ រហូចុះមកនៅត្រឹម400$ ហើយដោយសារមិនមានលិទ្ធភាព ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក មានចិត្តអាណិតអាសូរ នាំគ្នាជួយលុយម្នាក់បន្តិច ម្នាក់បន្តួច ទើបគ្រប់ចំនួនលុយឲ្យខាងទូកជនជាតិចាមចុះទៅជួយស្វែងរក ប៉ុន្តែជាអកុសល សាកសពជនរងគ្រោះ មិនត្រូវបានរកឃើញភ្លាមៗនោះទេ ។ សូមបញ្ជាក់ថា នៅចំណុច​កើតហេតុ កម្លាំងទឹកហូរកួចខ្លាំងពេក សង្ស័យថា ជនរងគ្រោះត្រូវទឹកហូរទៅឆ្ងាយក៏មិនដឹង ៕ ចាន់ធឿន


ចែករំលែក៖