ភ្នំពេញ: កម្មករសំណង់២នាក់ បាននាំគ្នាផឹកស៊ីពេលស្រវឹងស្រឿងៗក៏បានទាស់ពាក្យសម្តីគ្នា រហូតឈានដល់ប្រើហិង្សាដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្ខាងរងរបួសបែកក្បាល ។
ហេតុការណ៍ខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង៩និង៣៥ នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ តាន់ ម៉េងហៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានរងរបួសបែកចំកណ្តាលក្បាល។
ចំណែកជនដៃដល់មានឈ្មោះ សម ប៉ាត់ទេវី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ រូបគាត់ និងជនបង្កបាននាំគ្នាផឹកស្រាតែពីរនាក់ បន្ទាប់ក្រោយពីគាត់ឈប់ផឹកបានដើរទៅបន្ទប់ទឹក ស្រាប់តែជនសង្ស័យ ដែលកំពុងផឹកជិតគ្នានោះ បានប្រើសម្តីមិនសមរម្យមកលើគាត់ ពេលនោះគាត់ក៏ដើរចូលទៅសាកសួរ ទើបទាស់សម្តីគ្នាតែម្តង ពេលនោះជនបង្កដកញញួរចេញពីចង្កេះវាយមកលើគាត់ចំកណ្តាលក្បាល បណ្តាលឲ្យហូរឈាម នៅពេលនោះ ក៏មានអ្នកនៅក្បែរនោះ ជួយឃាត់ចេញ ស្រាប់តែជនសង្ស័យ បានរត់ទៅយកកូនកាំបិត មកកាន់ក្នុងដៃមួយទៀត ព្រមទាំងគំរាមចាក់ជនរងគ្រោះទៀត ក៏ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ និងឃាត់ខ្លួនយកមកសាកសួរ។
តាមសម្តីជនសង្ស័យ បានឲ្យដឹងថា មូលហេតុ គាត់ទាញញញួរវាយទៅលើគូទំនាស់ ដោយសារបុរសជាជនរងគ្រោះ លោតមកវាយខ្លួនមុន ដោយសារការពារខ្លួន ទើបខ្លួនទាញញញួរមកកាន់នៅដៃ ហើយក៏គ្រវីគ្រវាត់ទៅ ហើយក៏មិនដឹងថាត្រូវក្បាលជនរងគ្រោះឡើយ ។ ដោយសារពេលនោះ មានមនុស្សជាច្រើនអ្នកបានមកព្រួតគ្នាវាយគាត់ ទើបគាត់រត់ទៅយកកូនកាំបិតមួយទៀត មកកាន់នៅដៃ ដើម្បីការពារខ្លួន និងគំរាម។
ក្នុងករណីទំនាស់ខាងលើនេះ ក្រោយពីឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ រួចមក ភាគីទាំងសងខាងបានព្រមសម្របសម្រួលគ្នា ដោយភាគីជនសង្ស័យជួយចេញថ្លៃថ្នាំព្យាបាលរបួស ដើម្បីបញ្ចប់រឿងតែម្តង ដោយមិនចង់វែងឆ្ងាយ ៕ សុខាសែនជ័យ