ព័ត៌មានទាន់ហេតុការណ៍៖

លោក សៅ កុសល មេរដ្ឋបាលជលផលខេត្តតាកែវ ឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរយ៉ាងរាលដាល

ចែករំលែក៖

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាម ក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្នជនជាតិវៀតណាមអាចចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងរាលដាលដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។

ទន្ទឹមនឹងនេះមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានលើកឡើងថា ការដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកទាំង៣ខាងលើនេះ ហ៊ានឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរ គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ដែលល្បីល្បាញខាងពុករលួយផងដែរ។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរមើលរំលងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ដែលកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយនោះឡើយ។

ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាម ក្នុងស្រុកកោះអណ្ដែត បានឲ្យដឹងទៀតថា មកដល់ពេលនេះជនជាតិវៀតណាមនៅតែអាចចូលមកនេសាទក្នុងដែនទឹកខ្មែរដោយប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុង ដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្របំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ។

ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកោះអណ្ដែត គឺជាអ្នកឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ហើយលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ និងលោក សៅ កុសល មេរដ្ឋបាលជលផលខេត្តតាកែវ កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល។ ទាក់ទងនឹងបញ្ហានេះជនជាតិវៀតណាមបានបង្ហើបប្រាប់ប្រជាពលរដ្ឋខ្មែរតាមព្រំដែនក្នុងស្រុកកោះអណ្ដែត ថាពួកគេបង់លុយតាមការកំណត់របស់សមត្ថកិច្ចខ្មែរទើបអាចចូលមកនេសាទក្នុងដែនទឹកខ្មែរបានយ៉ាងរលូន។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានតាមព្រំដែនក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ បានឲ្យដឹងថា ឈ្មោះ វ៉ាន់ ដែលជាមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកោះអណ្ដែត គឺជាអ្នកប្រមូលលុយពីជនជាតិវៀតណាមដែលចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរ។

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក វ៉ាន់ មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកោះអណ្ដែត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ជាបង្អែកយ៉ាងរឹងមាំ ហើយលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ក៏ទទួលបានផលប្រយោជន៍ជាច្រើនពីបទល្មើសនេសាទផងដែរ។

ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក សៅ កុសល ព្រមទាំងបក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗស្រេចតែអំពើចិត្ត៕ ហេងនរិន្ទ្រន៍


ចែករំលែក៖