ព័ត៌មានទាន់ហេតុការណ៍៖

បើអាមេរិកមិនមានសុឆន្ទៈ ក្នុងការលុបទណ្ឌកម្ម តើកូរេខាងជើង បញ្ចប់កម្មវិធីបរមាណូដើម្បីអ្វី?

ចែករំលែក៖

គោលបំណងរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺ ចងរួចផុតពីទណ្ឌកម្ម ជួយឲ្យពលរដ្ឋ មានជីវភាព រីកចំរើន ដូចប្រទេសជិតខាង ។ ទាំងនោះហើយ បានជាមេដឹកនាំគីម ជុងអ៊ុន បានសម្រេច បោះបង់ ចោលកម្មវិធីបរមាណូ ដែលបានខិតខំ រាប់សិបឆ្នាំកន្លងមក ។

ប៉ុន្តែ គោលនយោបាយ ផ្សះផ្សា លះបង់របស់ មេដឹកនាំកូរ៉េខាងជើង នាពេលនេះ អាចនិយាយបានថា ត្រូវបានអាមេរិក មើលរំលង ដោយមិនបានផ្តល់ក្តីសង្ឃឹម ឬទំនុកចិត្តដល់ កូរ៉េខាងជើងឡើយ បើទោះបី កូរ៉េខាងជើង បានបំផ្លាញទីតាំងសាកល្បងបរមាណូក្តី ។

អ្វីដែលអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសម្រាប់តបស្នង នឹងការលះបង់របស់កូរ៉េខាងជើងនោះ គឺ ការផ្អាក់ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ។ ប៉ុន្តែ នៅពេលនេះ កូរ៉េខាងត្បូង និងអាមេរិក ក៏បានចាប់ផ្តើមធ្វើសមយុទ្ធជាថ្មី ដោយមាន ទ្រង់ទ្រាយតូចប៉ុណ្ណោះ ។

ការធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកនាពេលនេះ គឺមាន កម្លាំង កងម៉ារីន កូរ៉េខាងត្បូង និងអាមេរិក ៥០០នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយតូចមួយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងជើង ស្ដីពីការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន។

សមយុទ្ធយោធា Korean Marine Exchange Program គឺស្ថិតនៅក្នុងសមយុទ្ធយោធាត្រូវបានផ្អាកកាលពីខែមិថុនា កន្លងទៅបន្ទាប់ពីលោក ដូណាល់ ត្រាំ ជួបជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី។ តែទោះជាយ៉ាងនេះក្ដី ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា បើទោះជាសមយុទ្ធទ្រង់ទ្រាយធំត្រូវផ្អាកក៏ដោយ ក៏សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងបន្តធ្វើសមយុទ្ធទ្រង់ទ្រាយតូចនៅក្បែរបរិវេណ នៃតំបន់ភាគខាងត្បូងទីក្រុង ផូហាង (Pohang) ដដែល។

គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នឹងត្រូវជួបជាមួយសមភាគីកូរ៉េខាងជើង លោក គីម យ៉ុងចុល (Kim Yong Chol) ក្នុងជំនួបមួយនៅទីក្រុងញូវយ៉ក នៅចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

ក៏ប៉ុន្តែអ្វីដែលកត់សម្គាល់ គឺការធ្វើសមយុទ្ធយោធារវាង កូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិកនៅពេលនេះ ធ្វើឡើងក្រោយកូរ៉េខាងជើងកាលពីសប្ដាហ៍មុនបានព្រមានថា ទីក្រុងព្យុងយ៉ាង អាចនឹងត្រឡប់ទៅរកគោលនយោបាយផលិតអាវុធនុយក្លេអ៊ែរវិញ បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មទេនោះ។

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង មានបំណងចងត្រឡប់ទៅកាន់សភាពដើមវិញ ដោយបន្តអភិវឌ្ឍន៍កម្មវិធី នុយក្លែអ៊ែរ ឡើងវិញ ។ សកម្មភាពបែបនេះ គឺដោយសារតែ មិនមានភាពរីកចំរើន នៅក្នុងទំនាក់ទំនង និងលុបទណ្ឌកម្មដល់កូរ៉េខាងជើង ។

ថ្មីៗនេះ កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យបែបគំរាមថា ព្យុងយ៉ាងកំពុងពិចារណាដោយហ្មត់ចត់ ចង់វិលទៅប្រកាន់យកនយោបាយអភិវឌ្ឍន៍នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួនវិញហើយ ប្រសិនបើទណ្ឌកម្មសេដ្ឋកិច្ចដាក់ប្រឆាំងនឹងកូរ៉េខាងជើងមិនត្រូវបានលើកចេញខ្លះទេនោះ។

ក្នុងអំឡុងពេលជាច្រើនឆ្នាំ ព្យុងយ៉ាងបានប្រកាន់យកនយោបាយ “Byungjin” គឺនយោបាយអភិវឌ្ឍ“ព្រមគ្នា” វិស័យនុយក្លេអ៊ែរ និងសេដ្ឋកិច្ច។ នៅខែមេសា២០១៨ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំវ័យក្មេងកូរ៉េខាងជើង បានប្រកាសបិទបញ្ចប់សកម្មភាពស្វែងរកអាវុធនុយក្លេអ៊ែរ និងផ្តុំការអភិវឌ្ឍប្រទេសដោយឈរលើនយោបាយស្ថាបនាសេដ្ឋកិច្ចបែបសង្គមនិយម។ ឧបទ្វីបកូរ៉េនឹងបានស្គាល់ភាពស្រាកស្រាន្តនិងសន្តិភាព។

ប៉ុន្តែពេលនេះ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ចុះថ្ងៃសុក្រទី ២វិច្ឆិកា ប្រសិនបើអាមេរិកមិនព្រមប្តូរជំហរទាក់ទងនឹងការដកទណ្ឌកម្មចេញពីកូរ៉េខាងជើងទេ ព្យុងយ៉ាងទំនងជានឹងអាចប្តូរផ្លាស់នយោបាយ ដោយវិលមករកគន្លង Byungjinវិញហើយ។ ពេលនេះកូរ៉េខាងជើងកំពុងរង់ចាំចម្លើយពីសហរដ្ឋអាមេរិក ! នេះបើតាមការគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍។

កូរ៉េខាងជើង ដែលជាប់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក បន្ថែមពីទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិពីបទបានសាកល្បងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក ហាក់អស់អំណត់ នឹងអាមេរិកកាន់តែខ្លាំងឡើងៗ។ ព្យុងយ៉ាងបានបរិហារ អាមេរិកថា តាំងខ្លួនជាបងធំ បង្ខំឱ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរជាឯកតោភាគី តែគ្មានផ្តល់សម្បទានវិញតបមកវិញបន្តិចសោះ ។ កាលពីខែមុន សារព័ត៌មានផ្លូវការព្យុងយ៉ាង បានចោទប្រកាន់វ៉ាស៊ីនតោនថា លេងល្បែងមុខពីរ និងបានរិះគន់ដោយប្រយោលលោកដូណាល់ ត្រាំ ដែលអះអាងថា សេអ៊ូលមិនអាចលើកទណ្ឌកម្មចេញពីកូរ៉េខាងជើងដោយគ្មានការអនុញ្ញតពីអាមេរិកទេ។

អាមេរិក និងកូរ៉េខាងត្បូង មានជំហរខ្វែងគ្នាស្តីពីការដកទណ្ឌកម្មកូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចែអ៊ីន ចង់លើកទឹកចិត្តព្យុងយ៉ាងក្នុងការរំសាយនុយក្លេអ៊ែរជាថ្នូរនឹងការវិនិយោគ និងគម្រោងសេដ្ឋកិច្ចនៅតាមព្រំដែន ។ តែសហរដ្ឋអាមេរិក យល់ថា ទណ្ឌកម្ម និងទំនាក់ទំនងល្អប្រសើរជារឿងពីរដាច់ដោយឡែកពីគ្នា ! និង បានបដិសេធដាច់ខាតមិនបន្ធូរបន្ថយទណ្ឌកម្មឡើយ ដរាបណាកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរចប់ទាំងស្រុង និងអាចផ្ទៀងផ្ទាត់បានទេនោះ៕ ម៉ែវ សាធី


ចែករំលែក៖