ព័ត៌មានទាន់ហេតុការណ៍៖

ជិតមួយឆ្នាំហើយ ក្រុមហ៊ុន ហាន់ស៊ីង (HanShin) មិនទាន់មានសកម្មភាពស្ថាបនាផ្លូវជាតិលេខ៥ ចម្ងាយ៥១គីឡូម៉ែត្រ ដែលខ្លួនដេញថ្លៃបាន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ហាន់ស៊ីង (HanShin)ដេញថ្លៃបានស្ថាបនាផ្លូវជាតិលេខ៥ ចម្ងាយ៥១ គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបើកសម្ពោធឲ្យដំណើរការសាងសង់មានរយះពេលជិតមួយឆ្នាំទៅហើយ ប៉ុន្តែក្រុមហ៊ុននេះអត់មានសកម្មភាពអ្វីទាំងអស់ ។ ចំណុចនេះក៏កើតជាចំងល់ថា៖ ហេតុអីក៏ខាងក្រសួងសាធារណការ និងដឹកជញ្ជូន ឬខាងJACA នៅតែបន្តអនុញ្ញាតដាក់ឲ្យមានឈ្មោះដេញថ្លៃតទៅទៀត…? បញ្ហានេះក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធគួរណាស់រំលឹកឡើងវិញផងថា កន្លងទៅក្រុមហ៊ុនហាន់ស៊ីង (HanShin) នេះមានកំហុសធ្ងន់ធ្ងរស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព និងជាប់ឈ្មោះអាក្រក់ក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

ដូច្នេះម្ចាស់ប្រទេសដែលផ្តល់ប្រាក់កម្ចីនោះ គួរអនុញ្ញាតឲ្យក្រុមហ៊ុនហាន់ស៊ីង (HanShin) ដេញថ្លៃបន្តទៀតឬមួយយ៉ាងណា..?

គួរបញ្ជាក់ថា៖ កន្លងទៅមានករណីបែកធ្លាយថាក្រុមហ៊ុន ហាន់ស៊ីង (HanShin)ជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែបែជាដេញថ្លៃគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ…?

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្លោយថា៖ ករណីគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ បានទៅលើក្រុមហ៊ុន ហាន់ស៊ីង (HanShin) ខណៈក្រុមហ៊ុននេះជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ករណីស្ថាបនាធ្វើផ្លូវគ្មានគុណភាព និងកេងចំណេញបច្ចេកទេស ងាយនិងស្រុះ ប្រេះ ផុង ខូចដោយគង្ហុក មានជាសំបុកមាន់ជាដើម ។

ជាក់ស្តែងកន្លងទៅក្រុមហ៊ុន ហាន់ស៊ីង (HanShin) ស្ថាបនាផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅ ព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ធ្វើមិនរួចរាល់ផង ក៏ខូចគ្មានគុណភាព រងនូវការរិះគន់ពីប្រជាជន និងមានគង្ហុក សំបុកមាន់ បណ្តាលឲ្យប្រជាជនបើកបរ ម៉ូតូ ឡានរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ ឈានដល់ទទួលស្គាល់ថា ក្រុមហ៊ុន ហាន់ស៊ីង (HanShin) ស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព ចាត់ទុកក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ហាន់ស៊ីង (HanShin) បានធ្វើឲ្យបាក់មុខតាំងពីមុនធ្វើជាតិលេខ២១ ដូចជាគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពម្តងជា២ដងរួចមកហើយ ។

ករណីកំណាត់ផ្លូវជាតិលេខ៣ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺរាជរដ្ឋាភិបាល បានសម្រេចឲ្យក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ ខណៈក្រុមហ៊ុន ហាន់ស៊ីង (HanShin)ធ្វើដោយគ្មានគុណភាព និងខូចដោយកន្លែងៗនោះ ។

គេបានទម្លាយថា៖ ក្រុមហ៊ុន ហាន់ស៊ីង (HanShin) ក៏គ្មានគ្រឿងចក្រសម្រាប់ដំណើរការស្ថាបនាផ្លូវដោយខ្លួនឯងដែរ គឺត្រូវជួលគ្រឿងចក្រ និងរថយន្តពីក្រុមហ៊ុនផ្សេងៗស្ទើរទាំងស្រុង ។ ដូច្នេះចង្វាក់ដំណើរសាងសង់របស់ក្រុមហ៊ុននៅមានកម្រិត នេះមិនទាន់គិតដល់បញ្ហាធ្វើគ្មានគុណភាព កេងចំណេញបច្ចេកទេស និងបន្សល់ទុកនូវភាពអសោចន៍ឈ្មោះ ស្ថាបនាផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ៣ គ្មានគុណភាព ស្ថិតក្នុងបញ្ជីខ្មៅ ក្រសួងសាធារណការ និងដឹកជញ្ជូននោះផង ។

ក្រុមហ៊ុនមួយចំនួនបានលើកឡើងថា៖ ករណីក្រុមហ៊ុន ហាន់ស៊ីង (HanShin)ដេញថ្លៃបានគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ គឺដោយសារក្រុមហ៊ុនហ៊ានទម្លាក់ថ្លៃទាបបំផុត ដែលទឹកប្រាក់នេះមិនអាចមានតុល្យភាពទៅនិងគម្រោងស្ថាបនា ដូច្នេះក្រុមហ៊ុន ហាន់ស៊ីង (HanShin) ត្រូវតែបង្ខំចិត្តកេងចំណេញបច្ចេកទេស ទាញយកផលចំណេញ និងធ្វើឲ្យការស្ថាបនានឹងគ្មានគុណភាព ។

គួរំលឹកថា៖ គម្រោងJICA និមួយៗរបស់រដ្ឋាភិបាលប្រទេសជប៉ុន គឺមានលក្ខណៈច្បាស់លាស់ តែងចាប់យកក្រុមហ៊ុនដៃគូសាងសង់មានលក្ខណៈស្តង់ដារអន្តរជាតិ ប្រកបដោយគុណភាពសំណង់ ហើយកន្លងទៅ គេតែងស្វែងយល់ជំនួយស្ពានថ្នល់របស់ជប៉ុននៅកម្ពុជា..គឺគម្រោងត្រូវធ្វើឡើងដោយ៖ ១-ដេញថ្លៃសាងសង់នៅជប៉ុន ។ ២-ជប៉ុនកាន់លុយខ្លួនឯង ។

៣-ក្រុមហ៊ុនដែលដេញថ្លៃសាងសង់ ត្រូវតែជាក្រុមហ៊ុនជប៉ុន ។ ៤-នាយករដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់កម្ពុជា គ្រាន់តែទៅបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ប៉ុណ្ណោះ ។ និយាយរួមជំនួយរបស់ជប៉ុន មិនអាចនិយាយដោយចោទប្រកាន់ខ្មែរថា «ចាក់ក្រាស់ស៊ីស្តើង»បានឡើយ ។

ប៉ុន្តែមួយរយះនេះស្ពានថ្នល់របស់ជប៉ុននៅកម្ពុជានៃគម្រោងJICA ក៏ចាប់យកក្រុមហ៊ុនសំណង់ធំៗ ខ្នាតអន្តរជាតិរបស់ប្រទេសកម្ពុជា ធ្វើជាដៃគូដេញថ្លៃយកគម្រោងទៅធ្វើផងដែរ ។ ប៉ុន្តែចំពោះក្រុមហ៊ុន ហាន់ស៊ីង (HanShin) មិនអាចជាដៃនៃគម្រោងJICAបានទេ ខណៈក្រុមហ៊ុនហាន់ស៊ីង (HanShin)ជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយះការស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព និងគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពមុនដំបូងមកហើយនោះ ។ រហូតដល់រាជរដ្ឋាភិបាល បានសម្រេចឲ្យក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ ។

ប្រសិនបើខាងគម្រោងJICAមិនបានសិក្សាស៊ីជម្រៅពីលក្ខណៈសម្បត្តិបច្ចេកទេសក្រុមហ៊ុន ហាន់ស៊ីង (HanShin)នោះទេ គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ដែលក្រុមហ៊ុន ហាន់ស៊ីង (HanShin)ដេញថ្លៃបាននឹងប្រឈម គ្មានគុណភាព ។ ក្នុងនោះក្រុមហ៊ុន ហាន់ស៊ីង (HanShin)អាចនឹងធ្វើឲ្យខូចគម្រោងដែលជាថវិការដ្ឋាភិបាលជប៉ុន និងប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេសជាតិ ។

ប្រជាពលរដ្ឋសំណូមពរ ឲ្យខាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសJICAត្រួតពិនិត្យឡើងវិញលើគម្រោងដេញថ្លៃក្រុមហ៊ុន ហាន់ស៊ីង (HanShin)នេះ ប្រយោជន៍ការពារឲ្យគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ មានគុណភាពល្អ លក្ខណៈស្តង់ដារ ឬតាមរយះការដកកញ្ចប់ថវិកាគម្រោងរបស់ក្រុមហ៊ុន ហាន់ស៊ីង (HanShin)យកមកដេញថ្លៃឡើងវិញ ខណៈមិនទាន់ហួសពេលនៅឡើយទេ ។

គួរបញ្ជាក់ថា៖ ក្រុមហ៊ុន ហាន់ស៊ីង (HanShin)ដេញថ្លៃបានស្ថាបនាផ្លូវជាតិលេខ៥ ចម្ងាយ៥១ គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបើកសម្ពោធឲ្យដំណើរការសាងសង់មានរយះពេលជិតមួយឆ្នាំទៅហើយ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនហាន់ស៊ីង (HanShin) មិនទាន់មានសកម្មភាពអ្វីទាល់តែសោះ ។

មន្ត្រីខ្លះបានលួចបង្ហើប ហើយអាចចាត់ទុកជាផ្លូវការបានថា៖ ក្រុមហ៊ុនហាន់ស៊ីង (HanShin) មានគម្រោងចូលដេញថ្លៃស្ថាបនាឡើងវិញផ្លូវជាតិលេខ២ ពីភ្នំពេញ-តាកែវ នាពេលដ៏ខ្លីខាងមុខ នៃប្រាក់កម្ចីពីរាជរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបន្តទៀត ខណៈខ្លួនមិនមានសកម្មភាពស្ថាបនាផ្លូវជាតិលេខ៥នៅឡើយ ។

ក្រុមហ៊ុនហាន់ស៊ីង (HanShin) ត្រូវបានគេទទួលស្គាល់ថា៖ ក្រុមហ៊ុនអត់មានមូលដ្ឋានគ្រឹះ កង្វះខាតនូវគ្រឿងចក្រ ឧបករណ៍សំភារៈបម្រើឲ្យវិស័យស្ថាបនាផ្លូវគមនាគមន៍ ស្ពានថ្នល់ ពិសេសពិបាកនិងរកក្រុមជំនាញមកបម្រើការងារឲ្យក្រុមហ៊ុននេះបាន ដោយមូលហេតុថា ក្រុមហ៊ុនហាន់ស៊ីង (HanShin) មានឈ្មោះអាក្រក់ ជាប់ក្នុងបញ្ជីខ្មៅក្រសួងសាធារណការ និងដឹកជញ្ជូន ដូច្នេះខាងវិស្វករ ខាងបច្ចេកទេស ភាគច្រើនគេមិនចូលធ្វើការជាមួយ ព្រោះខ្លាចខូចឈ្មោះពួកគេជាវិស្វករ ជាអ្នកបច្ចេកទេសធ្វើសំណង់ស្ថាបនាគ្មានគុណភាព ។ និយាយរួមក្រុមហ៊ុនហាន់ស៊ីង (HanShin) តែងតែមានឱកាសចូលដេញថ្លៃ ដោយមានលក្ខណៈពិសេស ខាងជំនាញទំនាក់ទំនងចំៗគោលដៅ ឬ ចង់រកស៊ីចេះរកស៊ី ចេះបំពេញតម្រូវការ អ្នកចង់បានប្រយោជន៍ពីគម្រោងផងក៏អាចថាបាន ។ មានករណីខ្លះរហូតដល់លេចឮថា នៅប្រទេសកូរ៉េវិញ បើឈ្មោះក្រុមហ៊ុនហាន់ស៊ីង (HanShin) គឺខាងកូរ៉េមិនទទួលស្គាល់តាមរយៈស្ថាបនាគ្មានគុណភាពនេះ ។

ពាក់ព័ន្ធករណីនេះ អង្គភាព នគរវត្ត មិនអាចទំនាក់ទំនងសុំថាបំភ្លឺបានទេពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាខាងតំណាងJiCA នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីសុំការបំភ្លឺ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែប្រជាជនសំណូមពរឲ្យខាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធមេត្តាពិនិត្យមើលក្រុមហ៊ុនហាន់ស៊ីង (HanShin) នេះផង ហេតុអីគម្រោងស្ថាបនាផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដល់ធ្វារម្អម ចម្ងាយ៥១គីឡូម៉ែត្រ មិនមានសកម្មភាព បើសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានជិត១ឆ្នាំមកហើយនោះ…? ប្រជាជនលើកឡើងថា៖ មិនខ្វះទេក្រុមហ៊ុនស្របច្បាប់ ល្អៗ មិនចាំបាច់ឲ្យក្រុមហ៊ុនហាន់ស៊ីង (HanShin) បន្តចូលដេញថ្លៃគម្រោងទៀតទេ៕ សុខ ខេមរា


ចែករំលែក៖