ខេត្តបន្ទាយមានជ័យ៖ អាជីវកម្មកាយដីភ្នំលៀបខេត្តបន្ទាយមានជ័យ គ្មានបច្ចេកទេសត្រឹមត្រូវ បណ្តាលឲ្យធ្លាក់ រថយន្តដឹកដី១គ្រឿងពីលើភ្នំបណ្តាលឲ្យសង្កត់ស្លាប់តៃកុងរថយន្តម្នាក់ខណៈដែលរថយន្តនោះបានបើកឡើងលើភ្នំដើម្បីឈប់រង់ចាំអេស្កាកាយដីដាក់ ។ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ការធ្វើអាជវកម្មដីភ្នំលៀបខាងលើសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូដ្ឋានប្រាប់ថា ក្រុមហ៊ុន ធ្វើអាជីវកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ប៉ុន្តែអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ប្រាប់ថា បានសុំច្បាប់ មកដល់លោករួចហើយ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបែនដឹកដីម៉ាកហ៊ីណូ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង ៣A ១១០៧ អ្នកបើកមានឈ្មោះ ឃិញ ស៊ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើដែលបានស៊ីឈ្នួលបើករថយន្តឲ្យថៅកែមានឈ្មោះយឿន សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ភ្នំលៀប ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ។
រថយន្តត្រូវបានបើកបរទៅដឹកដីលើចំរ៉ាក់ភ្នំចំណុចខាងលើក្នុងស្ថានភាពមានឧបសគ្គដោយការកាយដីភ្នំលក់នៅចំណុចនោះគ្មានបច្ចេកទេសនិងការត្រួតពិនិត្យ ត្រឹមត្រូវពីសំណាក់មន្រ្តីមន្ទីរជំនាញពាក់ព័ន្ធនោះទេ ។ លុះរថយន្តឡើងដល់គោលដៅ ដោយ មិនពន្លត់ម៉ាស៊ីននោះទេ រង់ចាំដាក់ដីពីអេស្កា ដែលកំពុងកាយដីភ្នំនោះ ចំណែកអ្នកបើកបរ ចេញឈរលើដំបូលរថយន្តភ្លាមនោះរថយន្តក៏រអិលធ្លាក់ពីចំរ៉ាក់ភ្នំក្នុងកំពស់ប្រហែល ៧០ម៉ែត្រ ក៏ធ្លាក់រថយន្តនិងតៃកុងចូលរណ្តៅដីមួយកន្លែង រថយន្តធ្លាក់សង្កត់តៃកុង បណ្តាល ឲ្យស្លាប់ រីឯរថយន្តវិញរងការខូចខាតស្ទើរទាំងស្រុង ។
សមត្ថិច្ចមូលដ្ឋានប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុនោះភ្លាម គេឃើញអាជ្ញា ធរដែនដី និងសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យដល់ទីកើតហេតុនិងបានស្ទូចរថយន្ត រួមនិងសាកសពជនរងគ្រោះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថាភ្នំលៀប ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរង ការជីកកកាយធ្វើអាជីវកម្មយកដីលក់យ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមឈ្មួញ ជាយូរឆ្នាំមកហើយ បានបង្កប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ និងប៉ះពាល់រំខាន ដល់ការរៀន សូត្ររបស់សិស្សនៅក្នុងសាលាបឋមសិក្សាភ្នំលៀប ដីហ៊ុយ និងរំខានដោយសម្លេងរថយន្ត ។ កន្លងមកមានប្រតិកម្មពីសិស្សនិងលោកគ្រូអ្នកគ្រូរួមនិងប្រជាពលរដ្ឋនៅតំបន់ខាងលើនេះផងដែរប៉ុន្តែប្រតិកម្មនោះមិនត្រូវបានដោះស្រាយឡើយ ។
ជុំវិញនៃការធ្វើអាជីវកម្មដីភ្នំលៀប បង្កឲ្យមានធ្លាក់រថន្តស្លាប់មនុស្សខាងលើ អ្នកយក ព័ត៌មានយើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា បានព្យាយាមទំនាក់ទំនង ប្រធានមន្ទីររ៉ែនិង ថាមពលខេត្តបន្ទាយមានជ័យឲ្យជួយបំភ្លឺនោះផងដែរ ប៉ុន្តែទូរស័ព្ទហៅចូលជាច្រើនគ្មានការទទួលឆ្លើយតប ៕ សំ វិច្ឆិកា